ឯកឧត្ដមអភិបាលខេត្ត អញ្ជើញចុះត្រួតពិនិត្យមើលទីតាំងមណ្ឌលធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សា ហ៊ុន សែន ជ្រៃសីមា
បាត់ដំបង៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩និង៣០ នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានចូលរួមកិច្ចប្រជុំនិងការចុះត្រួតពិនិត្យមើលទីតាំងមណ្ឌលធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សា ហ៊ុន សែន ជ្រៃសីមា ដែលស្ថិតនៅក្នុងភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្ដមបានអនុញ្ញាតឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមមតិអំពីវិធានការគ្រប់គ្រងពលករ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់តាមបន្ទាត់ព្រំដែន ទាំងច្រកទ្វារព្រំដែន និងតាមរបៀងទាំងអស់ ដើម្បីបង្ការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នកំពុងរីករាលដាល នៅតំបន់មួយចំនួនក្នុងប្រទេសថៃ។
ឯកឧត្តមក៏បានធ្វើការឆ្លើយតប ចំពោះការលើកឡើងនូវបញ្ហាប្រឈម និងសំណូមពររបស់សមត្ថកិច្ចពាក់ព័ន្ធ និងស្នើសុំឲ្យសមត្ថកិច្ចក៏ដូចជាអ្នកដែលមានការពាក់ព័ន្ធទាំងអស់ រួមសហការគ្នាអនុវត្តដើម្បីសម្រេចកិច្ចការនេះ ប្រកបដោយភាពជោគជ័យ៕