ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ នព្វមាស រយៈពេល៩ខែ ឆ្នាំ២០២៤ និងដាក់ទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

 

នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ នព្វមាស រយៈពេល៩ខែ ឆ្នាំ២០២៤ និងដាក់ទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ​ ឯកឧត្តម-លោកជំទាវ អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋានលោកស្នងការរងទទួលផែនអន្តោប្រវេសន៍នាយការិយាល័យចំណុះនាយកដ្ឋាន នាយការិយាល័យគ្រប់គ្រងជនបរទេស រាជធានី-ខេត្ត នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានី-ខេត្ត ប្រធានក្រុមផ្តល់ទិដ្ឋាការទាំងអស់ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទាំងអស់ និងប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសទាំងអស់។

 

ជាកិច្ចចាប់ផ្ដើមលោក ឧត្ដមសេនីយ៍ទោ ទាង សុឃាង ប្រធានាយកដ្ឋានរដ្ឋបាលសរុប បានឡើងអានរបាយការណ៍សង្ខេបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍យ៉ាងលំអិតជូនអង្គពិធីជ្រាប។ បន្ទាប់មកមានមតិចូលរួមពី​ លោកស្នងការរងខេត្តពាក់ព័ន្ធទទួលផែនអន្តោប្រវេសន៍។

 

បន្ទាប់មកទៀតក៏មានការចូលរួមលើកឡើងអំពីមតិយោបល់ និងសំណូមពរពីលោកប្រធាននាយកដ្ឋានពាក់ព័ន្ធនូវបញ្ហាប្រឈមចំនួន។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងសំណូមពរពីលោកប្រធាននាយកដ្ឋានពាក់ព័ន្ធនូវបញ្ហារប្រឈម ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រសាសន៍ថាកិច្ចប្រជុំថ្ងៃនេះជាកិច្ចប្រជុំយ៉ាងសំខាន់ ដែលធ្វើឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍កាន់តែទទួលបានលទ្ធផលក្នុងការងារ ក្នុងការបំពេញតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលបានប្រគល់ជូន។ ឯកឧត្តម បន្តទៀតថាត្រូវបន្តឈានទៅមុខបន្ថែមទៀតដើម្បីសម្រេចបាននូវសមិទិ្ធផលល្អប្រសើរដូចដែលបានបញ្ជាក់ជូនក្នុងរបាយការណ៍ នព្វមាស ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងនោះដែលក៏បានរកឃើញបញ្ហាប្រឈមមួយចំនួនទៀតជាចំនុចខ្វះខាតដែលយើងត្រូវបន្តដោះស្រាយ។

 

ឯកឧត្តម បានបន្តទៀតថានេះជាសមិទ្ធិផលមួយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាក្រសួងមហាផ្ទៃ ហើយការធ្វើនេះគឺស្របគោលការណ៍ ក៏ដូចជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេស ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃតែងតែផ្ដាំផ្ញើ រំលឹក លើកទឹកចិត្តឲ្យគ្រប់អគ្គនាយកដ្ឋានក្រោមឱវាទក្រសួង ក៏ដូចជាអង្គភាពជំនាញទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការងារ ដើម្បីលើកកម្ពស់សមត្ថភាពមន្រី្តនៅក្នុងក្រសួងមហាផ្ទៃឲ្យកាន់តែប្រសើរឡើង។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បន្តទៀតថា ស្នើសុំឱ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងតាមបណ្ដាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់សូមបន្តយកចិត្តទុកដាក់ ពាក់ព័ន្ធដំណើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតាមបណ្ដោយច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ទាំងច្រកទ្វារព្រំដែនអន្តរជាតិ ទាំងច្រកទ្វារទ្វេភាគី ត្រូវមានការរឺតបណ្ដឹងបន្ថែមទៀត សំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត។

 

ឯកឧត្តម​ បានមានប្រសាសន៍បន្ថែមទៀតថា​ នាពេលចប្ចុប្បន្ននេះ​ ដេីម្បីសម្រួលការងារ​ ជាពិសេសការងារបចេ្ចកទេស​ ឱ្យកាន់តែល្អប្រសេីរបន្ថែមទៀត​ និងទាន់ពេលវេលា​ នាសម័យបច្ចេកវិទ្យា​នេះ​ គឺជាចំនុចមួយយ៉ាងសំខាន់​ ដាច់ខាតត្រូវតែប្រេីប្រាស់ប្រព័ន្ធបច្ចេកវិទ្យា នេះគឺជាស្នូលសំខាន់មិនអាចខ្វះបាន មន្រ្តីជំនាញដែលពាក់ព័ន្ធ​ ជាពិសេសមន្រ្តីនៅតាមបណ្ដាលច្រកទ្វារអន្តរជាតិ​ ត្រូវបន្តជំរុញជំនាញ​ បច្ចេកទេស​ បច្ចេកវិទ្យា​ និងភាសាបន្ថែមជានេះទៀត​ ដេីម្បីឱ្យកាន់តែមាន​ភាពងាយស្រួល​ ក្នុងពេលមប្រេីការងារ​ និងឱ្យកាន់តែមានភាពឆាប់រហ័ស​ រាល់ដំណេីរចេញចូល​ ទាំងភ្ញៀវជាតិ​ និងអន្តរជាតិ​ ។

 

ឯកឧត្តម ឧត្ដមសេនីយ៍ឯក បន្តទៀតថាតាមរយៈបញ្ហាប្រឈមការចូលផ្ដួចផ្ដើមមតិដោះស្រាយទាំងអស់នេះគឺដាក់ចេញនូវទិសដៅការងាររបស់យើងខាងលើរួចមកហើយដែលបានឆ្លុះបញ្ជាំងការងារគ្រប់គ្រង គ្រប់បញ្ហារដែលយើងបានជួបប្រទះក្នុងរយៈពេល ៩ខែនេះ ដែលមានកិច្ចការងារជាច្រើនទៀតដែលត្រូវបន្ត ជាមួយបណ្ដាលរាជធានីខេត្ត ស្ថាប័នពាក់ព័ន្ធត្រូវរួមសហការបន្តទៀត ដែលយោងតាមផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៥ឆ្នាំ ក្នុងនាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាទៅវិញទៅមកក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពការគ្រប់គ្រងការងារអន្តោប្រវេសន៍ដែលជាលទ្ធផលវិជ្ជមាន រាល់ប្រតិបត្តិការការងារ និងប្រកបដោយវិជ្ជាជីវនគរបាលអន្តោប្រវេសន៍ ក្នុងការចូលរួមការពារ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមនិងស្ថិរភាពនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា ហើយជាចលនាមួយនាំឱ្យមានកំណើនសេដ្ឋកិច្ចក្នុងសង្គម។

 

ជាកិច្ចបញ្ជប់ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា បានវាយតម្លៃខ្ពស់ កោតសរសើរដល់ថ្នាក់ដឹកនាំអន្តោប្រវេសន៍ ក៏ដូចជាមន្រ្តីនៅតាមបណ្ដាលរាជធានី-ខេត្តដែលបានយកចិត្តទុកដាក់បំពេញការងារ ក្នុងការទទួលខុសត្រូវសម្រាបលរយៈពេល ៩ខែនេះ ជាមួយគ្នានេះដែលសូមថ្លែងអំណរគុណជារួមព្រមទាំងជូនពរដល់ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជោគជ័យគ្រប់ភារកិច្ច៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ