កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស និងលើកទិសដៅអនុវត្តការងារបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស និងលើកទិសដៅអនុវត្តការងារបន្ត
នាព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំធំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស និងលើកទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា អគ្គនាយករងអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២។
ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ លោកនាយប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិ នាយរងប៉ុស្តិ៍ និងនាយផ្នែកជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង បានមានមតិស្វាគមន៍ និងបើកកិច្ចប្រជុំព្រមទាំងបានលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ។
កិច្ចបន្ទាប់ ឯកឧត្តម ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ អនុប្រធាននាយកដ្ឋាន ឡើងធ្វើសេចក្តីរាយការណ៍ពីវត្តមានអនុប្រធាននាយកដ្ឋាន និងលោកនាយប៉ុស្តិ៍ រួចបានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ នាយការិយាល័យរដ្ឋបាល-សរុប ឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំនព្វមាស និងលើកទិសដៅអនុវត្តការងារបន្ត។
បន្ទាប់មកក៏បានអនុញ្ញាតឱ្យលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង និងលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ឡើងធ្វើបទបង្ហាញ ស្ដីពីវឌ្ឍនភាពរបស់ប៉ុស្តិ៍ ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរជូនថ្នាក់ដឹកនាំដើម្បីរកដំណោះស្រាយ។
ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានមានមតិណែនាំ២ចំណុចធំៗ ពាក់ព័ន្ធការគ្រប់គ្រងកម្លាំងត្រូវរឹតបណ្តឹងវត្តមានមន្រ្តីនៅតាមបណ្តាប៉ុស្តិ៍ ជាពិសេសការអនុញ្ញាតច្បាប់ដល់មន្រ្តីក្រោមឱវាទ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ព្រមទាំងណែនាំឱ្យយកចិត្តទុកដាក់ និងត្រួតពិនិត្យរាល់បញ្ជីមុខសញ្ញាផ្សេងៗ ក្នុងនោះក៏បានណែនាំលោកនាយប៉ុស្តិ៍ទាំងអស់ត្រូវសម្អាតទីធ្លាអង្គភាពឱ្យបានស្អាតជាប្រចាំ និងបានណែនាំលោកនាយការិយាល័យជំនាញទាំង៣ លោកនាយប៉ុស្តិ៍ទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពអាវុធទាំងអស់ឡើងវិញ។
មុនបញ្ចប់កិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ បានចូលរួមមតិបូកសរុប និងបានធ្វើការកោតសរសើរក្រុមការងាររបស់នាយកដ្ឋាន ព្រមទាំងធ្វើការណែនាំ៤ចំនុចធំៗ និងដោះស្រាយរាល់បញ្ហាប្រឈមនិងសំណូមពររបស់លោកនាយប៉ុស្តិ៍ទាំងពីរផងដែរ។ កិច្ចប្រជុំត្រូវបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/