កិច្ចប្រជុំប្រកាសសមាសភាពគណ:បញ្ជាការដឹកនាំរួម ដើម្បីអនុវត្តផែនការ លេខ០០៣ផក
កិច្ចប្រជុំប្រកាសសមាសភាពគណ:បញ្ជាការដឹកនាំរួម ដើម្បីអនុវត្តផែនការ លេខ០០៣ផក
នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពគណ:បញ្ជាការដឹកនាំរួម ដើម្បីអនុវត្តផែនការ លេខ០០៣ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្ដីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សន្តិបណ្ឌិត បានអនុញ្ញាតឱ្យប្រធានក្រុមលេខាធិការជួយគណៈបញ្ជាការដឹកនាំរួម អានផែនការអនុវត្តលេខ០០៣ផក និងឯកសារពាក់ព័ន្ធ។ បន្ទាប់មក ឯកឧត្តម សន្តិបណ្ឌិត បានប្រគល់ភារកិច្ចជូនឯកឧត្តម ផុន លីវិរ: អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឱ្យធ្វើបទបង្ហាញជូនអង្គប្រជុំអំពី សំណូមពរក្នុងការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ន្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត។
បន្ទាប់មកទៀត ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានឡើងថ្លែងមតិយោបល់ដោយណែនាំ និងស្នើសុំឲ្យភាគីពាក់ព័ន្ធជួយសម្របសម្រួល និងសហការអនុវត្តការងារអធិការកិច្ចជនបរទេស ការធ្វើបច្ចុប្បន្នភាពជនបរទេសអន្តោប្រវេសន្ត និងសំណូមពរការងារចាំបាច់មួយចំនួនទៀត។
ក្នុងឱកាសនេះ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានដាក់សំណូមពរ និងទិសដៅការងារដល់គណៈបញ្ជាការដឹកនាំរួម ដែលមានខ្លឹមសារដូចខាងក្រោម:
១. សូមរាយការណ៍ជូនអភិបាលរាជធានី ខេត្ត ដែលមិនមានវត្តមានចូលរួមផ្ទាល់ ឲ្យបានជ្រាបអំពីខ្លឹមសារនៃកិច្ចប្រជុំនេះ។
២. សូមរដ្ឋបាលរាជធានីខេត្ត ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អំពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានដល់ជនបរទេសអន្តោប្រវេសន្ត ដើម្បីអាចយកទៅប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃបាន។
៣. សូមប្រើប្រាស់យន្តការអង្គភាពថ្នាក់ក្រោមជាតិដែលមានស្រាប់ ដោយសហការជាមួយនឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការអនុវត្តផែនការនេះ។
៤. ស្នើរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការអនុវត្តទៅតាមភូមិសាស្តរៀងៗខ្លួន។
៥. សូមរៀបចំបូកសរុបរបាយការណ៍ប្រតិបត្តិការ និងផ្ញើមកលេខាធិការដ្ឋានជាប្រចាំដើម្បីធ្វើការបូកសរុបវាយតម្លៃ និងគោរពរាយការណ៍ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ជ្រាប និងផ្តល់អនុសាសន៍ដឹកនាំបន្ត។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/