ព័ត៌មានថ្មីបំផុត


បាត់ដំបង៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង១០នាទី មានកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការបន្ធូរបន្ថយច្បាប់ នៃការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយសេដ្ឋកិច្ចក្នុងតំបន់រវាង ខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តស្រះកែវនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី-ខៅឌិន ស្ថិតក្នុងភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា ឈមនឹងស្រុកខ្លងហាត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ដ៍។   

អញ្ជើញដឹកនាំប្រតិភូ និងចូលរួមជាកិត្តិយសក្នុងកិច្ចប្រជុំនាឱកាសនេះមាន ភាគីកម្ពុជា ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែនកម្ពុជា-ថៃ និងលោកអភិបាលរងខេត្ត, អភិបាល-អភិបាលរងក្រុង-ស្រុក ជាប់ព្រំដែន ព្រមទាំងលោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្ថាប័នពាក់ព័ន្ធមួយចំនួន រីឯភាគីថៃ ឯកឧត្តមគៀតតិស័ក្កិ ចាន់ត្រា អភិបាលខេត្តស្រះកែវ ដោយមានការចូលរួមពីលោកប្រធាន-អនុប្រធានមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីមុខការចំណុះខេត្ត ជាច្រើនរូប។

ឆ្លងតាមកិច្ចពិភាក្សាក្នុងអង្គប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗដូចតទៅ ៖ ១-ឯកភាពឲ្យពលករកម្ពុជាចូលទៅធ្វើការងារ លើវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រថៃបាន ប៉ុន្តែត្រូវអនុវត្តតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រថៃ (ចត្តាឡីស័ក១៤ថ្ងៃ), ២- ចំពោះអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអរញ្ញប្រាថេតខេត្តស្រះកែវ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា,៣-ដោយឡែកការស្នើរសុំបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនបណ្ដោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលិក ខាងភាគីថៃនិងយកសំណើរនេះ ដាក់ជូនគណៈកម្មាធិការខេត្ត ដើម្បីពិនិត្យពិភាក្សាលំអិត បន្ទាប់ពីបានទទួលលទ្ធផល ទើបផ្ដល់ព័ត៌មានជូនវិញជាក្រោយ ។

ជាចុងបញ្ចប់ភាគីទាំងពីរបានសំណូមពរ ឲ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ រវាងប្រទេសទាំងពីរ បង្កើនកិច្ចសហប្រត្តិបត្តិការរួមគ្នា ឲ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងរក្សាស្ថានភាពដើម នៃបន្ទាត់ព្រំដែន។ រាល់ករណីកើតមានឡើង រាល់បញ្ហាផ្សេងៗចំពោះពលរដ្ឋ នៃប្រទេសទាំងពីរ ត្រូវផ្ដល់ព័ត៌មានទាន់ហេតុការណ៍ ឲ្យគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយដោយសន្តិវិធី៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ