ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសអន្តរក្រសួងឆ្នាំ២០២៤

 

នាព្រឹកថ្ងៃអង្គារ ៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបពិធីជួបប្រជុំជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសអន្តរក្រសួងឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងឯកឧត្តម ធាង ស៊ាងវេង អគ្គនាយក នៃអគ្គនាយកដ្ឋានការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

 

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង ទទួលជួយនាយកដ្ឋាន លោកប្រធាននាយកដ្ឋាន លោកប្រធានការងាររាជធានី-ខេត្ត អនុប្រធាននាយកដ្ឋាន លោកស្នងការរង ប្រធានមន្ទីការងាររាជធានីខេត្ត នាយការិយាល័យនៃស្នងការដ្ឋានរាជធានី-ខេត្ត និងក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសទាំង២៥រាជធានី-ខេត្ត ។ 

 

ជាកិច្ចចាប់ផ្ដើមលោក ឃឹម សុសំរេច ប្រធាននាយកដ្ឋានមុខរបរ និងហត្ថពលកម្ម ឡើងអានលិខិតបង្គាប់ការក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០២៤។ បន្ទាប់លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធានាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ឡើងអានរបាយការណ៍បូកសរុប ស្ដីពីលទ្ធផលការងារអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០២៣ យ៉ាងលំអិតជូនអគ្គពិធីជ្រាប។

 

ឯកឧត្តម ធាង ស៊ាងវេង អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ មានប្រសាសន៍ថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីអោយមានឱកាសជួបជុំក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសរបស់ស្ថាប័នទាំងពីមុនពេលចុះបំពេញបេសកម្មនាពេលខាងមុខ។ ឯកឧត្ដម បន្តទៀតថាក្រុមអធិការកិច្ចហត្ថពលកម្មបរទេសរបស់ស្ថាប័នទាំងពីមុនត្រូវបានបង្កើតតាំងពីឆ្នាំ២០០០មក យន្តការណ៍ក្រុមការងារចម្រុះត្រូវបានកែលំអរ ពង្រីកបន្ថែមដើម្បីធានាអោយបានថា សហគ្រាស គ្រឹះស្ថានត្រូវប្រើហត្ថពលកម្មបរទេសទាំងអស់នៅព្រះរាជាណាចក្រកម្ពុជាស្របទៅតាមច្បាប់ជាធរមាន ហើយជនបរទេសដែលមកធ្វើការនៅប្រទេសកម្ពុជាត្រូវមានឯកសារគ្រប់គ្រាន់ ដើម្បីទទួលបាននូវការការពារ អធិប្រយោជន៍ផ្សេងៗ និងចូលរួមទប់ស្កាត់អំពើប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ 

 

ឯកឧត្ដម បន្តទៀតថាស្របតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធានាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន តាំងនាមជំនួស ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលសម្រេចបាន និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រសួងទាំងពីនាពេលកន្លងមក។ 

 

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ថា ដោយមានការឯកភាពពីឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃ និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈ ដែលបានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានទាំងពីធ្វើការបើកកិច្ចប្រជុំនេះដើម្បីចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០២៤នេះក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តបច្ចុកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអណិត្តទី៧របស់យើងនេះ។ 

 

ឯកឧត្ដម មានប្រសាសន៍ឯកភាពចំពោះការលើកឡើងរបស់លោកប្រធាននាយកដ្ឋាន និងឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសចូលរួមអបអរសារទ និងជាកិច្ចចាប់ផ្ដើមថ្មីមួយទៀតសម្រាប់ក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤នេះ ។ ឯកឧត្ដម បន្តទៀតថា ក្នុងនាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នើសុំឱ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ សំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។

បន្ទាប់មកឯកឧត្តម បន្តទៀតថានេះក៏ជាសមិទ្ធិផលមួយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាក្រសួងមហាផ្ទៃ ហើយការធ្វើនេះគឺស្របគោលការណ៍ ក៏ដូចជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេស ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃតែងតែផ្ដាំផ្ញើរ រំលឹក លើកទឹកចិត្តឲ្យគ្រប់អគ្គនាយកដ្ឋានក្រោមឱវាទក្រសួង ក៏ដូចជាអង្គភាពជំនាញទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការងារ ដើម្បីលើកកម្ពស់សមត្ថភាពមន្រី្តនៅក្នុងក្រសួងមហាផ្ទៃឲ្យកាន់តែប្រសើរឡើង។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា សង្កត់ធ្ងន់ថាការងារអធិការកិច្ចហត្ថពលកម្មបរទេស គឺសំដៅទៅលើការគ្រប់គ្រងជនបរទេសក្នុងការចេញចូលប្រទេសទៅតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ការគ្រប់គ្រងការស្នាក់នៅក្នុងប្រទេសរបស់ជនបរទេស ការគ្រប់គ្រងការធ្វើការងាររបស់ជនបរទេសទៅតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកទៀតឯកឧត្តម ក៏បានស្នើរសុំឲ្យប្រធាននាយកដ្ឋានត្រូវមានការងារប្រជុំឲ្យបានទៀងទាត់ និងសុំឲ្យមន្រ្តីជំនាញអធិការកិច្ចហត្ថពលកម្មបរទេសក្នុងការចុះទៅត្រួតពិនិត្យជនបរទេសត្រូវបង្ហាញអត្តលេខ អត្តសញ្ញាណ ឯកសណ្ឋានឲ្យបានត្រឹមត្រូវសមរម្យ មានឥរិយាបថ អាកប្បកិរិយាធ្វើការទន់ភន់ និងការសរសេរ ការរាយការណ៍ពីរបាយការណ៍ដែរបានចុះត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាមស្តង់ដារប្រកបដោយវិជ្ជាជីវៈ​ ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ