ព័ត៌មានថ្មីបំផុត


ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក

 

ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក៖ ថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

 

ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីតំណាងភាគីវៀតណាមដែលពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ អគ្គនាយករង ទទួលជួយនាយកដ្ឋាន លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នៃនាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកតំណាងប្រធានទីស្នាក់ការគយ និងរដ្ឋាករ លោកស្រី តំណាងអង្គភាព ស្ថាប័ននានាដែលពាក់ព័ន្ធ នាយរងប៉ុស្តិ៍ និងមន្រ្តីនៃប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក ជាច្រើនរូបទៀត។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោក ឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក និងមតិប្ដេជ្ញារបស់លោកវេរសេនីយ៍ទោ គង់ វណ្ណី នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាកថ្មីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ដោយជាដំបូង សូមចូលរួមអបអរសាទរដល់នាយប៉ុស្តិ៍គរបាលច្រកទ្វារអន្តរជាតិព្រែកចាក ដែលទើបតែបានតែងតាំងថ្មីនាពេលនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បាននាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានសង្កត់ធ្ងន់ពាក់ព័ន្ធការងារអន្តោប្រវេសន៍ ដូចជា ការការពារខឿនសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ ការជួញដូរគ្រឿងញៀន ការពង្រឹងច្បាប់អន្តោប្រវេសន៍ ដើម្បីធានាក្នុងការគ្រប់គ្រងការចេញ ចូល ស្នាក់នៅ និងប្រកបរបររបស់ជនបរទេស និងការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ ទប់ស្កាត់មិនឲ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់ជនបរទេសរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ និងគ្រប់គ្រងដោយម៉ត់ចត់ការស្នាក់នៅបណ្តោះអាសន្នជនបរទេស មិនមែនអន្តោប្រវេសន្ត។ 

 

ឯកឧត្តមបន្តទៀតថា ឲ្យមានការរួបរួមសាមគី្គភាពផ្ទៃក្នុង និងគោរពតាមតួនាទីភារកិច្ចរបស់នគរបាលអន្តោប្រវេសន៍ សូមឲ្យកងកម្លាំងជាពិសេសនគរបាលអន្តោប្រវេសន៍អនុវត្តតាមអនុសាសន៍ឲ្យបានល្អ។ ក្នុងនោះដែរ ឯកឧត្តម អគ្គនាយក បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំងអស់ សូមយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារ ដោយវិជ្ជាជីវៈ និងមានការកត់ត្រាឲ្យបានច្បាស់លាស់នូវដំណើរចេញ-ចូល របស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ឲ្យមានសាមគ្គីភាពផ្ទៃក្នុង គោរពតាមរចនាសម្ព័ន្ធ តួនាទី ភារកិច្ច គោរពវិន័យរបស់កងកម្លាំងទាំងអស់គ្នា៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ