ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្រ្តីនគរបាលជាតិកម្ពុជា ថ្នាក់អគ្គនាយករង ប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញក្រោមឱវាទរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្រ្តីនគរបាលជាតិកម្ពុជា ថ្នាក់អគ្គនាយករង ប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញក្រោមឱវាទរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិកម្ពុជា ថ្នាក់អគ្គនាយករង ប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញក្រោមឱវាទរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម-លោកជំទាវ អគ្គនាយករង លោក-លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃអគ្គនាយកអន្តោប្រវេសន៍ជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប ឡើងអានអំណានអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្ដីសម្រេចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ បន្ទាប់មកមតិប្ដេជ្ញាចិត្តរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល អគ្គនាយករងអន្តោប្រវេសន៍។
មានប្រសាសន៍នាឱកាសនោះឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្របេសន៍ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ លោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទាំងអស់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមកប្រកបដោយជោគជ័យ និងមានសាមគ្គីភាពល្អ សម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ។ បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បាននាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានសង្កត់ធ្ងន់ពាក់ព័ន្ធការងារអន្តោប្រវេសន៍ ដូចជា ការការពារខឿនសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ ការជួញដូរគ្រឿងញៀន ការពង្រឹងច្បាប់អន្តោប្រវេសន៍ ដើម្បីធានាក្នុងការគ្រប់គ្រងការចេញ ចូល ស្នាក់នៅ និងប្រកបរបររបស់ជនបរទេស និងការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ ទប់ស្កាត់មិនឲ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់ជនបរទេសរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ និង គ្រប់គ្រងដោយម៉ត់ចត់ការស្នាក់នៅបណ្តោះអាសន្នជនបរទេស មិនមែនអន្តោប្រវេសន្ត។
បន្ទាប់មកទៀត ឯកឧត្ដម បានលើកឡើងពីស្នាដៃដែលខិតខំបំពេញទទួលបានលទ្ធផលល្អប្រសើរ ដែលធ្វើឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយកចិត្ដទុកដាក់ និងប្រគល់ការងារជាច្រើនទៀតដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ឯកឧត្តម ក៏បានបញ្ជាក់ថាអគ្គនាយកដ្ឋានប្រវេសន៍ គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំងអស់របស់ក្រសួងមហាផ្ទៃ មានសារៈសំខាន់ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍ កសាង និងស្ដាសេដ្ឋកិច្ចជូនជាតិផងដែរ។
ឯកឧត្ដម បានបន្តទៀតថាជាការពិតណាស់ចំពោះចន្លោះខ្វះខាតតែងតែកើតមានគ្រប់អគ្គភាពទាំងអស់នៃក្រសួងមហាផ្ទៃ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានចំនុចពិសេស ទៅលើការសាមគ្គីភាពខ្ពស់ មិនបង្ករវិវាទផ្សេងៗ ដែលមិនមានផ្ដល់ការលំបាកដល់ការដោះស្រាយរបស់ក្រសួងឡើយ។ មុននឹងបញ្ចប់ទៅ ឯកឧត្តម ក៏បានផ្តាំផ្ញើរ និងសំណូមពរឲ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់សហការគ្នាពង្រឹងការអនុវត្តតួនាទីភារកិច្ចឲ្យបានល្អ និងត្រូវពង្រឹងការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឲ្យបានល្អប្រសើរផងដែរ ដើម្បីញ៉ាំងអោយមានការអភិវឌ្ឍន៍នៅតាមបណ្តាខេត្ត និងទីជនបទនានាបន្ថែមមួយកម្រិតទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់មន្ដ្រីទាំងអស់បន្តខិតខំបំពេញការងារជំនាញរបស់នាយកដ្ឋាននីមួយៗ សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អបន្ថែមទៀត ដើម្បីឲ្យសម្រេចតាមផែនការដឹកនាំរបស់ក្រសួងមហាផ្ទៃនៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត។
https://www.tiktok.com/@gdicambodia