ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តរយៈពេល ០៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

 

នៅថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តរយៈពេល ០៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

 

កិច្ចប្រជុំនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តម​ អគ្គនាយករង​ លោក-លោកស្រីប្រធាននាយកដ្ឋាន​ លោកអនុប្រធាននាយកដ្ឋាន​ នាយ-នាយរងការិយាល័យ​ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា​ អគ្គនាយក​អន្តោប្រវេសន៍​ បានមានមតិស្វាគមន៍បើកអង្គប្រជុំ ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំគម្រោងផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍គ្រប់ជំនាញទាំងអស់ដើម្បីបម្រើដល់ការបំពេញភារកិច្ចរបស់អង្គភាពសម្រេចបានតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់អង្គភាពនីមួយៗ​ និងអនុញ្ញាតជូនលោក​ឧត្តមសេនីយ៍ទោ​ ទាង​ សុឃាង​ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប​ អានរបាយការណ៍សង្ខេបនៃសេចក្ដីរាយការណ៍យ៉ាងលំអិតជូនអង្គប្រជុំជ្រាប។ 

 

លោក ឧត្តមសេនីយ៍ទោ​ ទាង​ សុឃាង​ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប​ បានធ្វើសេចក្តីរាយការណ៍អំពីការរៀបចំគម្រោងយុទ្ធសាស្រ្តការងារប្រចាំ៥ឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលក្រុមការងារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានរៀបចំព្រាងឡើងសម្រាប់ដាក់ឆ្លងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មុននឹងសម្រេចលើកសំណើជូនក្រសួងមហាផ្ទៃ។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក​ អង្គប្រជុំបានចូលរួមមតិដោយបានបញ្ជាក់អំពីតម្រូវការចាំបាច់ក្នុងការលើកផែនការ​ និងបញ្ហាប្រឈមមួយចំនួនរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់តាមផែនការប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ។

 

ជាទីបញ្ចប់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ អគ្គនាយក​អន្តោប្រវេសន៍​ បានអគុណចំពោះក្រុមការងារដែលបានរៀបចំផែនការយុទ្ធសាស្រ្តការងារគម្រោង៥ឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ។ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ក៏បានណែនាំដល់គ្រប់នាយកដ្ឋានចំណុះ និងមន្ត្រីជំនាញពិនិត្យលើផែនការការងារប្រចាំឆ្នាំរបស់នាយកដ្ឋាននីមួយៗដែលបានលើកគម្រោងឱ្យបានច្បាស់លាស់តាមតម្រូវការជាអាទិភាពរបស់អង្គភាពនីមួយៗឱ្យស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ​ និងសំណូមពរគ្រប់នាយកដ្ឋានចំណុះរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ 

 

ជាមួយគ្នានោះ ឯកឧត្តម អគ្គនាយក ក៏បានណែនាំដល់ក្រុមការងារឲ្យបន្តសិក្សា រៀបចំ និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទាំងឡាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យមានសណ្តាប់ធ្នាប់ល្អ របៀបរៀបរយ ដើម្បីឈានទៅធ្វើសមាហរណកម្មជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃអនាគត។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ