ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក Surasak សេនានុព័ន្ធនគរបាលប្រចាំស្ថានទូតថៃ
ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកវរសេនីយ៍ឯក Surasak សេនានុព័ន្ធនគរបាលប្រចាំស្ថានទូតថៃ។
នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយតំណាងស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកវរសេនីយ៍ឯក Surasak សេនានុព័ន្ធនគរបាលប្រចាំស្ថានទូតថៃ ដោយ មានការចូលរួមពីលោកទីប្រឹក្សាអមស្ថានទូតទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រីកុងស៊ុល ព្រមទាំងលោកអនុប្រធាននាយកដ្ឋាន និងនាយការិយាល័យ។
ក្នុងជំនួបខាងលើ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថានទូតថៃ លើការងារអនុវត្តច្បាប់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ ជាពិសេសការពារនូវ ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
លោកវរសេនីយ៍ឯក Surasak បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលកន្លងមកបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការជួយសង្គ្រោះជនជាតិថៃដែលរងគ្រោះ និងសម្រួលបែបបទ នីតិវិធីក្នុងការបញ្ជូនត្រឡប់ទៅប្រទេសថៃវិញប្រកបដោយសុវត្ថិភាព។ លោកបានបញ្ជាក់អំពីជំហររបស់សេនានុព័ន្ធ នគរបាលប្រចាំស្ថានទូតថៃ ចំពោះការផ្តល់នូវកិច្ចសហប្រតិបត្តិការតាមគ្រប់រូបភាពជាមួយអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ នាពេលខាងមុខ។
ឆ្លើយតបនឹងការលើកឡើងខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានស្វាគមន៍ចំពោះការបន្តពង្រឹង កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងស្នើភាគីថៃបន្តផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក សំដៅទប់ស្កាត់និងបង្ក្រាប ទាន់ពេលវេលារាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសឈានដល់ការបង្ក្រាប និងឃាត់ខ្លួនបណ្តាញមេខ្យល់ ដែលលួចលាក់នាំជនបរទេសឆ្លងដែនខុសច្បាប់ពីប្រទេសមួយទៅប្រទេសមួយ៕