តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញចុះសំណាលជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ
កាលពីព្រឹកថ្ងៃសៅរិ៍ ០៧កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចុះទៅប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដើម្បីជួបសំណេះសំណាល ក៏ដូចជានាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងបានពាំនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ជូនដល់កងកម្លាំង។
ក្នុងការចុះមកជួបសំណេះសំណាលនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែកការិយាល័យ និងនាយ-នាយរងផ្នែកប៉ុស្តិ៍។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានអនុញ្ញាតឲ្យលោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែកទាំងបួន ធ្វើសេចក្តីរាយការណ៍អំពីការអនុវត្តន៍ការងារជំនាញ បញ្ហាប្រឈម និងសំណូមពរ ដែលបានជួបប្រទះកន្លងមក ក៏ដូចជាជីវភាពក្នុងការរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានណែនាំដល់លោកនាយប៉ុស្តិ៍ ត្រូវពិនិត្យសិក្សារឡើងវិញនូវការបែងចែកតួនាទីភារៈកិច្ចទទួលខុសត្រូវរបស់លោកនាយរងប៉ុស្តិ៍ទទួលបន្ទុកតាមផ្នែកនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការអនុវត្តន៍ការងារ។
ឯកឧត្តម ក៏បានបន្តណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវស្លៀកពាក់ឯកសណ្ឋានការងារឲ្យសមជាមន្ត្រីនគរបាលជាតិ និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អប្រសើរ ជាពិសេសត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យការពារខ្លួនឲ្យរួចផុតពីការឆ្លងនូវជំងឺកូវីដ-១៩ តាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ក្រសួងសុខាភិបាល (៣ការពារ និង៣កុំ)។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានប្រគល់ជូននូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក រួមមានៈ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងអាវយឺត ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិព្រះសីហនុផងដែរ។ បន្ទាប់មក ឯកឧត្តម ក៏បានបន្តចុះត្រួតពិនិត្យជាក់ស្តែងតាមគោលដៅប្រតិបត្តិការរបស់ប៉ុស្តិ៍ផងដែរ ៕