កិច្ចប្រជុំស្តីពីលទ្ធផលនៃកិច្ចប្រតិបត្តិការបឋមក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ការងារគ្រប់គ្រងជនបរទេសតាមប្រព័ន្ធ FPCS
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នេះឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំលទ្ធផលនៃកិច្ចប្រតិបត្តិការបឋមក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការស្នាក់នៅ របស់ជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា (FPCS) ។
កិច្ចប្រជុំនេះមានការចូលរួមពីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានទទួលបន្ទុក និងអ្នកបច្ចេកទេសជាច្រើនរូបទៀត ។
នៅក្នុងរបាយការណ៍របស់ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង បានបញ្ជាក់ថាបន្ទាប់ពីការធ្វើប្រតិបត្តិការបឋមក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ការងារគ្រប់គ្រងជនបរទេសតាមប្រព័ន្ធ FPCS នៅក្នុងសង្កាត់ចំនួនពីរ គឺមួយនៅរាជធានីភ្នំពេញ និងមួយទៀតនៅខេត្តព្រះសីហនុ បានបង្ហាញថាថ្វីត្បិតតែដំណើការចុះបញ្ជីរបស់ជនបរទេសតាមប្រព័ន្ធ FPCS បានដំណើរការល្អប្រសើរក្នុងការគ្រប់គ្រងការស្នាក់នៅ របស់ជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែក៏នៅមានបញ្ហាមួយចំនួនដែលត្រូវធ្វើការកែលម្អរនិងធ្វើឲ្យទំនើបបន្ធែមទៀត ដូចជាបញ្ហាដែលបានរកឃើញរួមមាន គណនីដែលមិនបញ្ជាក់ទីតាំងច្បាស់លាស់ គណនីដែលមិនដំណើរការឬគ្មានទិន្នន័យ គណនីដែលព័ត៌មានមិនគ្រប់ឬគណនីដែលស្ទួន និងបញ្ហាម្ចាស់លំនៅដ្ឋានមានការធ្វេសប្រហែសមិនគោរពច្បាប់ជាដើម។
បន្ទាប់ពីស្តាប់លទ្ធផលនៃកិច្ចប្រតិបត្តិការបឋមក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ការងារគ្រប់គ្រងជនបរទេសតាមប្រព័ន្ធ FPCSនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំក៏ដូចជាក្រុមការងារ ដោយកោតសរសើរអំពីលទ្ធផលកិច្ចប្រតិបត្តិការបថមនេះ និងបានជម្រុញដល់ក្រុមការងារ បន្តធ្វើយ៉ាងណា ត្រូវរៀបចំផែនការការងារមួយច្បាស់លាស់ ក៏ដូចជាបញ្ហាបច្ចេកទេសកាន់តែសុក្រិត្យដើម្បីប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រងជនបរទេសតាមប្រព័ន្ធ FPCS នាពេលខាងមុខ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានបញ្ជាក់ផងដែរថា គោលបំណង សំខាន់ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងការប្រើប្រាស់ប្រព័ន្ធ FPCS នេះគឺដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការគ្រប់គ្រងជនបរទេសដែលកំពុងស្នាក់នៅព្រះរាជាណាចក្រកម្ពុជាឲ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព ដែលជាការចូលរួម ក្នុងការអភិវឌ្ឍន៍ និងការថែរក្សាសន្តិសុខ សុវត្ថិភាពរបស់ជាតិមាតុភូមិ ៕