ក្រុមការងារនៃនាយកដ្ឋានច្រកទ្វារទី២ អញ្ជើញចុះត្រួតពិនិត្យ និងពង្រឹងណែនាំការងារជំនាញ ក៏ដូចជាការងាររដ្ឋបាលទូទៅ នៅប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង
ព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី លោកឧត្តមសេនីយ៍ទោ កាំង សាំងហុក និងលោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារការិយាល័យច្រកទ្វារផ្លូវទឹក និងកំពង់ផែអន្តរជាតិ និងការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានច្រកទ្វារទី២ ដើម្បីចុះត្រួតពិនិត្យ និងពង្រឹងណែនាំការងារជំនាញ ក៏ដូចជាការងាររដ្ឋបាលទូទៅ នៅប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន មានមតិបើកអង្គប្រជុំ ព្រមទាំងបានអនុញ្ញាតឲ្យលោកនាយប៉ុស្តិ៍រាយការណ៍អំពីការអនុវត្តន៍ការងារជំនាញ ដែលបានអនុវត្តកន្លងមក ជូនអង្គប្រជុំជ្រាប។
ជាកិច្ចបន្តលោកនាយការិយាល័យច្រកទ្វារផ្លូវទឹក និងកំពង់ផែអន្តរជាតិ បានអនុញ្ញាតឲ្យតាមបណ្តាផ្នែកនីមួយៗ រាយការណ៍លម្អិតអំពីតួនាទីភារកិច្ចតាមបណ្តាផ្នែកនីមួយៗ ដែលត្រូវអនុវត្ត និងលើកឡើងពីបញ្ហាប្រឈម សំណូមពរដែលបានជួបប្រទះ ព្រមទាំងបានណែនាំ ពង្រឹងបន្ថែមជុំវិញការងារជំនាញ ដល់បណ្តាផ្នែកទាំង៤ ធ្វើយ៉ាងណារក្សានូវការអនុវត្តន៍ការងារជំនាញ ផ្អែកទៅតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងមាត់។
បន្ទាប់មកលោកនាយរងការិយាល័យរដ្ឋបាលសរុប មានមតិណែនាំ ក៏ដូចជាក្រើនរំលឹកដល់គ្រប់បណ្តាផ្នែកទាំង០៤ ជាពិសេសផ្នែករដ្ឋបាលសរុប ដោយត្រូវធ្វើយ៉ាងណាឆ្លើយតបឲ្យបានទាន់ពេលវេលា នូវរាល់សេចក្តីណែនាំ សេចក្តីជូនដំណឹង និងការងារផ្សេងៗទៀតដែលការិយាល័យ ក៏ដូចជានាយកដ្ឋានបានដាក់ជូន និងត្រូវពង្រឹងបន្ថែមក្នុងការគ្រប់គ្រងបញ្ជីវត្តមាន ធ្វើបច្ចុប្បន្នភាពកម្លាំងឲ្យបានជាប់ជាប្រចាំ ព្រមទាំងត្រូវបន្តបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ជីមុខសញ្ញា កុំឲ្យមានការធ្វេសប្រហែសនិងត្រូវបន្តថែទាំ សម្អាតម៉ាស៊ីនប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា CBMS ឲ្យបានជាប់ជាប្រចាំ។
ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក អនុប្រធាននាយកដ្ឋាន មានមតិណែនាំ និងបញ្ជាក់បន្ថែមដល់មន្រ្តីក្រោមឱវាទទាំងអស់ពាក់ព័ន្ធការងាររដ្ឋបាល ដោយត្រូវសហការជួយការងារគ្នាទៅវិញទៅមក និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អប្រសើរជាពិសេសត្រូវធ្វើយ៉ាងណាគោរពឲ្យបានខ្ជាប់ខ្ជួន នូវវិធានរបស់ក្រសួងសុខាភិបាល ក៏ដូចជាគោលការណ៍របស់រាជរដ្ឋាភិបាល។
ជាទីបញ្ចប់លោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន មានមតិបូកសរុបលើការងារ ដែលអង្គប្រជុំបានលើកឡើង ព្រមទាំងបានផ្តាំផ្ញើ និងណែនាំសង្កត់បន្ថែម ជុំវិញការពង្រឹងនូវការអនុវត្តន៍ការងារជំនាញ ក៏ដូចជាការងាររដ្ឋបាល ធ្វើយ៉ាងណាអនុវត្តឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវចំពោះការងារ បន្ថែមពីនេះទៀតត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អប្រសើរ ជាពិសេសត្រូវរក្សាអនាម័យក្នុងអង្គភាពឲ្យបានជាប់ជាប្រចាំ និងត្រូវគោរពនូវវិធានរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។
បន្ទាប់ពីប្រជុំរួចមក ក្រុមការងារបានចុះត្រួតពិនិត្យផ្ទាល់ នៅតាមបណ្តាគោលដៅប្រចាំការ ក្នុងភូមិសាស្ត្ររបស់ប៉ុស្តិ៍ផងដែរ៕