ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដាឆ្នាំ២០២១ និងទិសដៅបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមប្រព័ន្ធវីដេអូ Zoom ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីបណ្តា ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន តំណាងស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងមន្រ្តីជំនាញជាច្រើនរូបទៀតផងដែរ រួមទាំងបានលើកឡើងពីលទ្ធផលការងារ បញ្ហាប្រឈម និងការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នដែលពាក់ព័ន្ធ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ និងការរាយការណ៍តាមនាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពីលទ្ធផលការងារបញ្ហាប្រឈម និងការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នដែលពាក់ព័ន្ធ រួចមកឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ លើកសរសើសកម្មភាពប្រតិបត្តិការ របស់បណ្តាថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់នាយកដ្ឋានទាំងអស់ ព្រមទាំងស្នងការដ្ឋានរាជធានី ខេត្ត ផងដែរ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើជាតិ ក្នុងកាលៈទេសនៃការរាត្បាតជំងឺកូវីដ-១៩ ហើយបានឯកភាពលើរបាយការណ៍ និងមតិយោបល់ បានលើកឡើងនាពេលនេះ។

ជាមួយគ្នានេះឯកឧត្តម អគ្គនាយក ក៏បានមានប្រសាសន៍ណែនាំឲ្យកងកម្លាំងគ្រប់ផ្នែកទាំងអស់ បន្តអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ជាពិសេសនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវគ្រប់គ្រងឲ្យបាននូវការវិលចូលប្រទេសរបស់ពលករកម្ពុជា នៅតាមច្រកទ្វារព្រំដែននីមួយៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានប្រសាសន៍បន្តថា ស្នងការរងទទួលផែនអន្តោប្រវេសន៍តាមបណ្ដារាជធានី ខេត្តត្រូវបន្តគ្រប់គ្រងឲ្យបាននូវជនបរទេសអន្តោប្រវេសន្ត នូវការចេញចូល ការបម្លាស់ទីតាំង មរណភាព និងការប្រសូតបុត្រ របស់ពួកគាត់ និងការឆ្លងដែនខុសច្បាប់។ ក្នុងនោះដែរ ឯកឧត្តមបានណែនាំឲ្យស្នងការរងទាំងអស់ ជួយឲ្យមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើបច្ចុប្បន្នភាពការស្នាក់នៅរបស់ជនបរទេសមិនមែនអន្តោប្រវេសន្ត នៅមូលដ្ឋាននីមួយៗ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រង(FPCS) ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានគាំទ្រ និងជម្រុញឲ្យបន្តធ្វើវឌ្ឍនភាព លើប្រព័ន្ធគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត ដែលស្នាក់នៅប្រទេសកម្ពុជា (FPCS)  ឲ្យកាន់តែប្រសើរឡើង ដើម្បីធ្វើរបាយការណ៍ជូនទៅក្រសួងមហាផ្ទៃ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អគ្គនាយក បានឲ្យមន្ត្រីទាំងអស់ បន្តអនុវត្តការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងត្រូវតាមដានសុខភាពឲ្យញឹកញាប់ផងដែរ និងសូមជូនពរដល់មន្ត្រីទាំងអស់ ជៀសផុតពីជំងឺនេះទាំងអស់គ្នា៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ