នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ដឹកនាំប្រជុំពិភាក្សា សេចក្ដីព្រាងផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំប្រជុំពិភាក្សា សេចក្ដីព្រាងផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈប្រព័ន្ធវីដេអូ Zoom ។
បន្ទាប់ពីបានស្ដាប់នូវការរាយការណ៍ ពីសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២២ទាំងអស់រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ គៀតច័ន្ទថារិទ្ធ បានមានប្រសាសន៍គាំទ្រ ទៅលើការរៀបចំខ្លឹមសារ ផែនការសកម្មភាពទៅតាមនាយកដ្ឋាននីមួយៗ ដែលមានការល្អប្រសើរ និងច្បាស់លាស់ជាងឆ្នាំមុនៗ ជាពិសេសទាំងកំណែទម្រង់ការងាររដ្ឋបាល និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។
ពាក់ព័ន្ធនឹងផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម អគ្គនាយក បានស្នើឲ្យ ឯកឧត្តម លោកជំទាវអគ្គនាយករង ប្រធាននាយកដ្ឋានទាំងអស់ ជួយសម្របសម្រួលកែសម្រួលឡើងវិញបន្ថែមទៀត មុននឹងសម្រេចដាក់បញ្ជូនទៅក្រសួងមហាផ្ទៃ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានណែនាំឲ្យគ្រប់នាយកដ្ឋាន ត្រូវមានវិសមភាពការងារ ការប្រើប្រាស់មន្ត្រី ជាពិសេសការប្រើប្រាស់ថវិកាឲ្យសមស្រប ដើម្បីឲ្យផែនការសកម្មភាពការងារកាន់តែប្រសើរឡើង និងជោគជ័យទៅតាមផែនការដែលបានគ្រោងទុក។
ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានជំរុញឲ្យគ្រប់នាយកដ្ឋានទាំងអស់ បន្តសហការគ្នាបន្ថែមទៀត ទាក់ទងនឹងព័ត៌មានរបស់មន្ត្រីនៅតាមនាយកដ្ឋានទាំងអស់ ដើម្បីយកមកដាក់បញ្ជូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធអេឡិត្រូនិច៕