ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ជាមួយឯកឧត្តម ផាម ប៊ីញមីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះបានធ្វើឡើងដោយអនុវត្តតាមស្មារតីកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ កិច្ចប្រជុំលើកទី១១នេះ ក៏បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួននៃប្រទេសទាំងពីរ និងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសឱឡារិក ប្រកបដោយស្មារតីមិត្តភាពជាភាតរៈ និងយោគយល់គ្នាទៅវិញទៅមក ដោយភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាវៀតណាមក៏ដូចជាពង្រឹងពង្រីកចំណងទំនាក់ទំនងក្នុងលក្ខណៈ«ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរ រឹងមាំ យូរអង្វែងវាងកម្ពុជា និងវៀតណាម។

ភាគីទាំងពីរបានពិភាក្សាអំពីរបៀបវារៈសំខាន់ៗ ដូចជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស និងរវាងខេត្តជាប់ព្រំដែន តាមរយៈការរៀបចំឲ្យមានជំនួបប្រាស្រ័យ សន្ទនាតាមទូរស័ព្ទ ពិគ្រោះពិភាក្សាតាមប្រព័ន្ធវីដេអូ ដោយបានលើកទឹកចិត្តបង្កើនការវិនិយោគ បន្តឧបត្ថម្ភគាំទ្រដល់បណ្ដាខេត្តជាប់ព្រំដែន និងបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតសំដៅដោះស្រាយឲ្យបានទាន់ពេលវេលានូវបញ្ហាប្រឈម និងសំណូមពរចាំបាច់ជាក់ស្ដែងនានា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ ដើម្បីថែរក្សាឲ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ។  ជាមួយគ្នានេះក៏បានអបអរសាទរការប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការជាបណ្ដោះអាសន្នច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យ-តឺនណាម ក្នុងកម្រិតថ្នាក់ខេត្តរវាងខេត្តព្រៃវែងនិងខេត្តតៃនីញ និងបានឯកភាពរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ច្រកទ្វារអន្តរជាតិនេះ ជាមួយនឹងបណ្តាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចនៅប្រទេសនីមួយៗ។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ព្រំដែន ការទិញលក់អគ្គិសនី ការប្រើប្រាស់ទឹក និងការផ្ដល់សេវាសុខាភិបាល។ ភាគីទាំងពីរក៏ឯកភាពដំណើរការអនុវត្តឲ្យមានប្រសិទ្ធភាព «កិច្ចព្រមព្រៀងស្ដីពីវិស័យចត្តាឡីស័កសុខាភិបាល ព្រំដែន» ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០៦ និងបន្តជំរុញរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម អនុវត្តឲ្យបានម៉ឺងម៉ាត់ទៅតាមវិធានការរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនានា ចូលទៅក្នុងសហគមន៍ភាគីម្ខាងទៀត។

ភាគីទាំងពីរក៏បានអបអរសាទរពិធីផ្លាស់ប្តូរលិខិតតូបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិ សញ្ញាកំណត់ព្រំដែនរដ្ឋនិងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ហើយបានស្វាគមន៍ចំពោះពិធីផ្លាស់ប្ដូរផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាមខ្នាត ១/២៥.០០០ រវាងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ ព្រមទាំងលើកទឹកចិត្តឲ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន នៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធ និងធ្វើការពិភាក្សាគ្នាឲ្យបានសកម្ម ដើម្បីស្វែងរកដំណោះស្រាយអាចទទួលយកបាន ចំពោះខ្សែបន្ទាត់ព្រំដែននៅសេសសល់ប្រមាណ១៦%។

ភាគីទាំងពីរលើកទឹកចិត្តឲ្យបណ្តាខេត្តជាប់ព្រំដែន ឲ្យបន្តកិច្ចសហប្រតិបត្តិការលើវិស័យនានាជាអាទិ៍ វិស័យអប់រំ វប្បធម៌ កីឡាយុត្តិធម៌ ឧស្សាហកម្ម បច្ចេកវិទ្យា នវានុវត្តន៍ បណ្តុះបណ្តាលធនធានមនុស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មាន ប្រៃសណីយ៍ទូរគមនាគមន៍ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយអំពី សក្តានុពលទេសចរណ៍ ផលិតផលទេសចរណ៍ និងជំរុញសកម្មភាពទេសចរណ៍និងកីឡា និងបន្តជួយឧបត្ថម្ភគ្នាទៅវិញទៅមក រវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ឲ្យបានកាន់តែជិតស្និទ្ធថែមទៀត។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម ប៊ីញមីញឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់លើលទ្ធផលការងារដែលសម្រេចបានចាប់ពីកិច្ចប្រជុំលើកទី១០ រហូតមកដល់បច្ចុប្បន្ននេះ។

ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំលើកទី១២ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឆ្នាំ២០២២ ហើយកាលបរិច្ឆេទ និងទីកន្លែងប្រជុំជាក់ស្ដែង និងត្រូវជូនដំណឹងតាមរយៈផ្លូវទូត៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ