នាយកដ្ឋានច្រកទ្វារទី២ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មីតាមរយៈប្រព័ន្ធអេឡិចត្រូនិច (Zoom Meeting) ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សារិន សារីណូប្រធាននាយកដ្ឋានច្រកទ្វារទី២ ព្រមទាំងមានការចូលរួមពីសំណាក់លោកអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យលោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែកពាក់ព័ន្ធមួយចំនួន។
ជាកិច្ចចាប់ផ្តើម លោកប្រធាននាយកដ្ឋាន បានអនុញ្ញាតឲ្យលោកអនុប្រធាននាយកដ្ឋាន មានមតិលើកឡើងពន្យល់អំពីខ្លឹមសារនៃសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ ជូនអង្គប្រជុំជ្រាប។
ជាមួយគ្នានោះដែរ លោកនាយការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ ក៏បានអាននូវសេចក្តីណែនាំស្តីពីលក្ខខណ្ឌធ្វើដំណើរការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ជូនអង្គប្រជុំបានជ្រាប។
ទន្ទឹមនឹងនោះ ក៏មានមតិចូលរួមពីបណ្តាប៉ុស្តិ៍មួយចំនួន នូវការលើកឡើងជាគំនិតយោបល់ ការចោទជាសំនួរ ក៏ដូចជាការសុំការបកស្រាយ ពន្យល់បញ្ជាក់បន្ថែមពាក់ព័ន្ធនឹងសេចក្តីណែនាំខាងលើ របស់ក្រសួងសុខាភិបាល ឲ្យកាន់តែច្បាស់លាស់ ដើម្បីងាយស្រួលយល់ និងយកមកអនុវត្តឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។
ជាទីបញ្ចប់នៃកិច្ចប្រជុំ លោកប្រធាននាយកដ្ឋាន មានមតិបកស្រាយ និងពន្យល់បញ្ជាក់បន្ថែមទៅលើសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលអង្គប្រជុំបានលើកឡើង ព្រមទាំងបានណែនាំ ដល់គ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងមាត់ ចំពោះសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញខាងលើ។ ម៉្យាងវិញទៀត គ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវបន្តគ្រប់គ្រងវត្តមានមន្រ្តីក្រោមឱវាទរបស់ខ្លួនឲ្យបានម៉ត់ចត់ ជាពិសេសត្រូវបន្តបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ជីមុខសញ្ញា ធ្វើយ៉ាងណាត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ជៀសវាងមានការធ្វេសប្រហែស។ មិនតែប៉ុណ្ណោះ រាល់អ្នកដំណើរចេញ-ចូលប្រទេស ធ្វើយ៉ាងណាត្រូវបញ្ជូលទិន្នន័យឲ្យបានច្បាស់លាស់ និងឲ្យអស់ពីលទ្ធភាព។ លើសពីនេះទៀត គ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវបន្តការចូលរួមសហការជាមួយមន្រ្តីចត្តាឡីស័ក ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរចូល-ចេញប្រទេសឲ្យបានល្អប្រសើរ សំដៅដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ។
បន្ថែមពីនេះ លោកនាយប៉ុស្តិ៍ទាំងអស់ ចំណុះនាយកដ្ឋានត្រូវណែនាំ និងជម្រុញឲ្យមន្រ្តីក្រោមឱវាទទាំងអស់ ចូលរួមក្នុងការចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ លើកទី៣ (ដូសជម្រុញ) ឲ្យបានគ្រប់ៗគ្នា៕