ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដា្ឋនអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីខ្លឹមសារសេចក្តីព្រាងរបាយការណ៍រួម និងសេចក្តីព្រាងប្រកាសរួម នៃកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម តាមប្រព័ន្ធវីដេអូ (Zoom)។

កិច្ចប្រជុំពិភាក្សានេះ បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តទាំង១១ ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម សរុបសមាសភាពចំនួន ៧៦នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ងី ច័ន្ទ្រផល បានធ្វើការចាប់ផ្តើមពិនិត្យ និងពិភាក្សាទៅលើខ្លឹមសារនៃរបាយការណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីកិច្ចប្រជុំលើកទី១០ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម រហូតមកដល់ពេលបច្ចុប្បន្ន។

បន្ទាប់ពីពិនិត្យលើខ្លឹមសារ នៃរបាយការណ៍រួមរួចមក ឯកឧត្តម ងី ច័ន្ទ្រផល និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងអភិបាលខេត្តទាំង១១ បានធ្វើការពិភាក្សា កែសម្រួល និងបំពេញបន្ថែម ចំពោះខ្លឹមសារនៅលើរបាយការណ៍រួម ឲ្យមានភាពច្បាស់លាស់ និងស៊ីជម្រៅថែមទៀត៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ