ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១  ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងក្រសួងសន្តិសុខសាធារណៈចិនដែលដឹកនាំដោយលោក Wu JianMin  អនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានតំណាងភាគីចិន នៃការិយាល័យសម្របសម្រួលអនុវត្តច្បាប់ចិន និងកម្ពុជា។

ក្នុងជំនួបខាងលើ ក៏មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញផងដែរ។

នៅក្នុងជំនួបខាងលើ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន នាពេលកន្លងមក និងបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ស្របតាមគោលការណ៍ និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។

ជាមួយគ្នានេះ លោក Wu JianMin តំណាងក្រសួងសន្តិសុខសាធារណ:ចិន បានថ្លែងអំណរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលតែងតែខិតខំសម្របសម្រួល និងផ្តល់កិច្ចសហការល្អ ក្នុងកិច្ចសហប្រតិបត្តិការបង្ការ និងទប់ស្កាត់បទល្មើស នាពេលកន្លងមក។

ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន ក៏បានថ្លែងអំណរគុណ ចំពោះភាគីចិនដូចគ្នា ដែលតែងតែជួយឧបត្ថម្ភគាំទ្រសម្ភារៈបច្ចេកទេស ព្រមទាំងផ្តល់ការបណ្តុះបណ្តាល ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍កម្ពុជានាពេលកន្លងមក ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ រវាងប្រទេសទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើដល់ភាគីចិន ពិនិត្យនិងសម្រួលលើលក្ខខណ្ឌធ្វើដំណើរចំពោះជនជាតិចិន ដែលត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាដល់ដំណើរការអនុវត្តការបណ្តេញចេញ អាចប្រព្រឹត្តទៅដោយរលូន៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ