លោកឧត្ដមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន អញ្ជើញដឹកនាំក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្ដម យឹម សៀប អភិបាលរងខេត្ត
បាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន បានដឹកនាំក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស ដោយមានការចូលរួមពីលោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកនាយការិយាល័យ នៃស្នងការដ្ឋានខេត្ដបាត់ដំបង ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម យឹម សៀប អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្ដបាត់ដំបង។
ការចុះជួបសម្ដែងការគួរសមនេះ បានប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្ដបាត់ដំបង ក្នុងគោលបំណងដើម្បីស្នើសុំការគាំទ្រ ក្នុងការបំពេញបេសកកម្ម ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាននានា នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ក្នុងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយពីបានស្តាប់ការរៀបរាប់រួចមក ឯកឧត្ដម អភិបាលរងខេត្ត បានសម្ដែងការគាំទ្រការងារអធិការកិច្ចជនបរទេស ក្នុងឆ្នាំ២០២១ហើយកិច្ចប្រជុំនេះបានបញ្ចប់ទៅ ក្រោមបរិយាកាសរីករាយ ឯកភាព និងស្និតស្នាលបំផុត៕