កិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅអនុវត្តបន្ត របស់នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា តាមរយៈប្រព័ន្ធអនឡាញ (ZOOM)
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋាន និងឯកឧត្តមឧត្តមសេនីយ៍ទោ ងិន សុផាត អគ្គនាយករងអន្តោប្រវេសន៍ ជួយអគ្គនាយកដឹកនាំនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា និងជាគណៈអធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅអនុវត្តបន្ត របស់នាយកដ្ឋាន តាមរយៈប្រព័ន្ធអនឡាញ (ZOOM) ។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ, លោក-លោកស្រី អនុប្រធាននាយកដ្ឋាន, នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក ប្រធានក្រុមផ្តល់ទិដ្ឋាការ និងមន្ត្រីនៃនាយកដ្ឋាន ចំនួន ២១០រូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង និងជាប្រធាននាយកដ្ឋាន អញ្ជើញមានមតិដឹកនាំបើកដំណើរការអង្គប្រជុំទៅតាមរបៀបវារៈ។
បន្ទាប់មកនាយការិយាល័យរដ្ឋបាលសរុប បានអានរបាយការណ៍ជូនអង្គពិធី និងមានការចូលរួមមតិកែសម្រួលនូវចំណុចខ្វះខាតមួយចំនួនក្នុងរបាយការណ៍ ពីសំណាក់ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួង លោក-លោកស្រី អនុប្រធាននាយកដ្ឋាននាយការិយាល័យ និងសមាជិក-សមាជិកា ដូចជា ឯកឧត្តម ថូ ស្រេង ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកភាពលើរបាយការណ៍ ហើយលោកជំទាវ ជ្រិន នារី ទីប្រឹក្សាក្រសួងមហាផ្ទៃ ស្នើសុំបន្ថែមក្នុងរបាយការណ៍ស្តីពីចំនួនអ្នកជម្ងឺកូវីដ-១៩ អ្នកជាពីជម្ងឺ និងថ្នាក់ដឹកនាំនិងមន្ត្រីដែលបានចាក់ដូសជំរុញ និងចុងក្រោយលោកនាយការិយាល័យទាំង០៦ រួមទាំងអនុប្រធាននាយកដ្ឋានទទួលបន្ទុក បានឯកភាពទៅលើរបាយការណ៍។
ជាកិច្ចបន្ទាប់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ងិន សុផាត អគ្គនាយករងអន្តោប្រវេសន៍ ជួយអគ្គនាយក ដឹកនាំនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានចូលរួមមតិកែសម្រួលចំណុចមួយចំនួនក្នុងរបាយការណ៍ ហើយក៏សូមថ្លែងអំណរគុណចំពោះមន្ត្រីយើង ដែលបានខិតខំបំពេញការងារបានល្អ និងបានកោតសរសើរក្រុមការងារបានធ្វើការវិភាគមុខសញ្ញាបានច្បាស់លាស់។
ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋាន បានមានមតិបូកលើរបាយការណ៍ និងក៏បានលើកឡើងពីការធ្វើបច្ចុប្បន្នភាពមុខសញ្ញា តម្រូវឲ្យការិយាល័យពន្យាទិដ្ឋាការ និងទិន្នន័យអន្តោប្រវេសន៍ សហការគ្នា។ ពាក់ព័ន្ធនឹងការិយាល័យកោសល្យវិច្ច័យឯកសារធ្វើដំណើរ គឺបានត្រូវត្រៀមសម្ភារៈសម្រាប់បន្ទប់កោសល្យវិច្ច័យឯកសារធ្វើដំណើរ បន្ទប់ពិសោធន៍ និងបន្ទប់ផ្ទុកប្រព័ន្ធទិន្នន័យ (ម៉ាស៊ីនមេ) ។ទន្ទឹមនឹងនោះ ឯកឧត្តម ប្រធាន បានឲ្យត្រៀមកម្លាំងមន្ត្រីយើងនៅតាមការិយាល័យនីមួយៗ ចូលបំរើការងារឡើងវិញ ក៏ដូចជាត្រៀមកម្លាំងចុះជួយមូលដ្ឋានផងដែរ៕