កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង ស្តីពីសេចក្តីណែនាំបែបបទ និងនីតិវិធីសម្រាប់អនុវត្តចំពោះជនបរទេសអន្តោប្រវេសន្ត និងខិតប័ណ្ណណែនាំ ស្តីពីការទទួលខុសត្រូវ និងការអនុវត្តន៍កាតព្វកិច្ច របស់ជនបរទេសអន្តោប្រវេសន្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង ស្តីពីសេចក្តីណែនាំបែបបទ និងនីតិវិធីសម្រាប់អនុវត្តចំពោះជនបរទេសអន្តោប្រវេសន្ត និងខិតប័ណ្ណណែនាំ ស្តីពីការទទួលខុសត្រូវ និងការអនុវត្តន៍កាតព្វកិច្ច របស់ជនបរទេសអន្តោប្រវេសន្ត។
កិច្ចប្រជុំនេះបានធ្វើឡើងនៅឯអគារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គនាយករងអន្តោប្រវេសន៍ ប្រធាន-អនុនាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំននេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា កិច្ចប្រជុំលើសេចក្តីព្រាងនេះ គឺធ្វើឡើងដើម្បីឲ្យដំណើរការបែបបទ និងនីតិវិធី សម្រាប់ដល់ការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានដំណើរការល្អតាមរបៀបមួយ ដែលហៅជាលក្ខណៈក្បួនខ្នាត ជាលក្ខណៈវិជ្ជាជីវៈ ហើយឯកភាពគ្នាទូទាំងប្រទេស។
ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានប្រសាសន៍បន្តថា គោលដៅនៃសេចក្តីព្រាងនេះ គឺធ្វើឡើងសម្រាប់នគរបាល សម្រាប់ប្រទេសដែលមានសមត្ថកិច្ច អាចយល់ដឹងតាមលក្ខណៈ ឬសំណូមពរ របស់ជនបរទេសអន្តោប្រវេសន្តដូចជាការផ្លាស់ប្តូរទីលំនៅ ការប្តូរការងារពីកន្លែងមួយ ទៅកន្លែងមួយទៀត តាមរយៈសៀវភៅការងារ ឬខិតប័ណ្ណ ដើម្បីឲ្យការងារគ្រប់គ្រងជនបរទេសមានលក្ខណៈងាយស្រួល។
ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ សូមថ្លែងអំណរគុណដល់ ឯកឧត្តម ប្រធាន អនុប្រធាន និងក្រុមការងារ ដែលបានចំណាយពេលវេលា និងខិតខំចងក្រងសេចក្តីព្រាងនេះឡើង៕