ថ្ងៃទី២នៃកិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុល នៃក្រសួងការបរទេស លើកទី២៤ (DGICM)
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុល នៃក្រសួងការបរទេស លើកទី២៤ (DGICM) តាមរយៈប្រព័ន្ធវីដេអូ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម កែរ វិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសហការី ផងដែរ។
កចិ្ចប្រជុំនៅថ្ងៃទីពីរនេះដែរ មាន ១៩របៀបវារៈ ដែលរួមមាន ការធ្វើបច្ចុប្បន្នភាពនៅលើការរៀបចំលើកលែងទិដ្ឋាការសម្រាប់អាស៊ាន និងរដ្ឋដែលមិនមែនជាសមាជិកអាស៊ាន ដែលផ្តល់ជូនដោយរដ្ឋដែលជាសមាជិកអាស៊ាន (លេខាធិការដ្ឋានអាស៊ាន), ការផ្លាស់ប្តូរចក្ខុវិស័យចំពោះកិច្ចខិតខំប្រឹងប្រែងលើការងារអន្តោប្រវេសន៍ ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ និងការគ្រប់គ្រងព្រំដែនក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ (សមាជិកអាស៊ាន) ។
អង្គប្រជុំក៏ត្រូវបានលើកឡើងពីការអនុម័ត សេចក្ដីណែនាំស្តីពីជំនួយផ្នែកកុងស៊ុល ដោយបេសកកម្មរដ្ឋជាសមាជិកអាស៊ាន ដល់ប្រជាជាតិនៃបណ្តារដ្ឋសមាជិកអាស៊ាន ដែលមានស្ថានបេសកម្មនៅប្រទេសទី៣ អំពីប័ណ្ឌធុរកិច្ចអាស៊ាន (ASEAN Business Travel Card) ការអនុម័ត ច្រកផ្លូវអាស៊ាននៅតាមបណ្ដាអាកាសយានដ្ឋានធំៗ (រដ្ឋសមាជិកអាស៊ាន) ។
ជាមួយគ្នានេះដែរ កិច្ចប្រជុំ (DGICM) ក៏មានកិច្ចប្រជុំបូកជាមួយសហព័ន្ធអូស្រ្តាលី និងការងារអាស៊ាន និងសហព័ន្ធអូស្ត្រាលីឆ្នាំ២០២១-២០២២ ព្រមទាំងរបៀបវារៈជាច្រើនទៀត ដែលនឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំនេះផងដែរ៕