កិច្ចប្រជុំស្តីពីការតាមដានផែនការការងារ ជូនក្រុមការងាររៀបចំចងក្រងសមិទ្ធផលការងារ នៃនាយកដ្ឋានច្រកទ្វារទី២ តាមរយៈប្រព័ន្ធអេឡិចត្រូនិច (Zoom)
ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០នាទី នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកការប្រជុំស្តីពីការតាមដានផែនការការងារ ជូនក្រុមការងាររៀបចំចងក្រងសមិទ្ធផលការងារ នៃនាយកដ្ឋានច្រកទ្វារទី២ តាមរយៈប្រព័ន្ធអេឡិចត្រូនិច (Zoom) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ ព្រមទាំងមានការចូលរួមពីសំណាក់លោកអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីពាក់ព័ន្ធមួយចំនួន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានអនុញ្ញាតឲ្យប្រធានក្រុមការងាររៀបចំចងក្រងឯកសារសមិទ្ធផលការងាររបស់នាយកដ្ឋាន ធ្វើសេចក្តីរាយការណ៍អំពីសេចក្តីព្រាងរបាយការណ៍ លទ្ធផលការងារ សមទ្ធិផលរបស់នាយកដ្ឋានច្រកទ្វារទី២ ដែលសម្រេចបាននាពេលកន្លងមក ជូនអង្គប្រជុំជ្រាប។
ទន្ទឹមនឹងនោះ លោកប្រធានក្រុមការងាររៀបចំកងក្រងសមិទ្ធផលការងារនាយកដ្ឋាន ក៏បានអនុញ្ញាត និងប្រគល់ភារកិច្ចជូនលោកនាយការិយាល័យជំនាញទាំងបី ធ្វើសេចក្តីរាយការណ៍បន្តអំពីឯកសារ ឬចំណុចនៃរបាយការណ៍ការងារជំនាញរៀងៗខ្លួនដែលការិយាល័យនីមួយៗបានប្រមូលតាមបណ្តាប៉ុស្តិ៍ ចំណុះនាយកដ្ឋាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ជូនអង្គប្រជុំជ្រាប។
ក្នុងការប្រជុំពិភាក្សានោះ ក៏មានការចូលរួមជាមតិយោបល់ ពីសំណាក់លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យទាំងបីក្នុងការកែសម្រួល និងបន្ថែមចំណុចមួយចំនួន លើសេចក្តីព្រាងរបាយការណ៍នោះផងដែរ។
ជាទីបញ្ចប់នៃការប្រជុំ ឯកឧត្តម ប្រធានអង្គប្រជុំ មានមតិណែនាំ និងប្រគល់ភាកិច្ចជូនលោកអនុប្រធាននាយកដ្ឋាន ដែលជាប្រធានក្រុមការងាររៀបចំចងក្រងឯកសារសមទ្ធិផលការងាររបស់នាយកដ្ឋាន ដឹកនាំ សហការ សម្របសម្រួលសមាជិកក្រុមការងារ ក្នុងការត្រួតពិនិត្យទៅលើអក្ខរាវិរុទ្ធ ពាក្យពេជន៍ ខ្លឹមសារ និងបំពេញបន្ថែមចំណុច ឬឯកសារពាក់ព័ន្ធផ្សេងៗ ដែលនៅមានចន្លោះខ្វះខាត ដើម្បីប្រមូលរៀបចំចងក្រងឯកសារទាំងនោះ រៀបចំធ្វើជារបាយការណ៍លទ្ធផលឲ្យបានសម្រេច និងឲ្យបានទាន់ពេលវេលា ដែលថា្នក់ដឹកនាំប្រគល់ជូន៕