ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងអាជ្ញាធរជាតិប្រឆាំងអំពើពុករលួយនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក HUA YUQING ប្រធានការិយាល័យនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិចំណុះ អាជ្ញាធរជាតិប្រឆាំងអំពើពុករលួយ។

នៅក្នុងជំនួបខាងលើ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នាពេលកន្លងមក។

ជាមួយគ្នានេះ លោក HUA YUQING តំណាងអាជ្ញាធរជាតិប្រឆាំងអំពើពុករលួយ បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលតែងតែផ្តល់កិច្ចសហការល្អ និងការសម្រួលផ្សេងៗ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។

ឆ្លើយតបនឹងការលើកឡើងខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន ក៏បានថ្លែងអំណរគុណ ចំពោះភាគីចិនដូចគ្នា ដែលតែងតែជួយឧបត្ថម្ភគាំទ្រសម្ភារៈបច្ចេកទេស ព្រមទាំងផ្តល់ការបណ្តុះបណ្តាល ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍កម្ពុជានាពេលកន្លងមក ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ រវាងប្រទេសទាំងពីរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ