នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំស្តីពី ការស្នើសុំដាក់បញ្ចូលឯកសារមួយចំនួន ទៅក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិច (Port EDI) តាមរយៈប្រព័ន្ធវីដេអូ (Zoom)
ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំស្តីពី ការស្នើសុំដាក់បញ្ចូលឯកសារមួយចំនួន ទៅក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិច (Port EDI) តាមរយៈប្រព័ន្ធអេឡិចត្រូនិច (Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២។
កិច្ចប្រជុំនាពេលនេះ ក៏មានការចូលរួមពីសំណាក់ លោកអនុប្រធាននាយកដ្ឋាន, លោកនាយការិយាល័យជំនាញទាំងពីរ, លោកនាយ-នាយរងប៉ុស្តិ៍ (ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង, ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា) និងមន្រ្តីពាក់ព័ន្ធមួយចំនួន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធាននាយកដ្ឋាន បានអនុញ្ញាតឲ្យលោកនាយការិយាល័យជំនាញទាំងពីរ ធ្វើការពន្យល់ និងណែនាំដល់បណ្តាប៉ុស្តិ៍ពាក់ព័ន្ធទាំងអស់ ដើម្បីសិក្សាជ្រើសរើសចំណុច នៃតម្រូវការឯកសារសំខាន់ៗ ដែលប៉ុស្តិ៍នីមួយៗបានអនុវត្តនាពេលកន្លងមក ក៏ដូចជាអនុវត្តនាពេលបច្ចុប្បន្ន ដើម្បីស្នើសុំដាក់បញ្ចូលឯកសារទាំងនោះ ចូលទៅក្នុងប្រព័ន្ធ (Port EDI) ដែលជាគម្រោងរបស់អង្គការ JICA ។ បន្ទាប់មកក៏មានការចូលរួមពីបណ្តាប៉ុស្តិ៍ពាក់ព័ន្ធទាំងអស់ ជុំវិញការជ្រើសរើសចំណុច ឬឯកសារសំខាន់ៗដែលប៉ុស្តិ៍ត្រូវអនុវត្ត ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ប៉ុស្តិ៍ ដើម្បីស្នើបញ្ចូលទៅក្នុងប្រព័ន្ធនោះផងដែរ។
ជាទីបញ្ចប់នៃអង្គប្រជុំ ឯកឧត្តម ប្រធានអង្គប្រជុំ មានមតិណែនាំ និងបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងការងារខាងលើនេះ ព្រមទាំងប្រគល់ភារកិច្ចការងារបន្ត ជូនលោកនាយការិយាល័យទាំងពីរ ដឹកនាំការងារប្រមូលឯកសារជំនាញសំខាន់ៗក្នុងការអនុវត្តន៍ជំនាញអន្តោប្រវេសន៍ ដើម្បីស្នើសុំដាក់បញ្ចូលចូលទៅក្នុងប្រព័ន្ធ (Port EDI) ព្រមទាំងដឹកនាំធ្វើរបាយការណ៍លម្អិត ដើម្បីគោរពរាយការណ៍ជូនថា្នក់ដឹកនាំ ពិនិត្យសម្រេច និងផ្តល់អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់៕