ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទកំណត់ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធទិន្នន័យមុខសញ្ញាអន្តោប្រវេសន៍ តាមប្រព័ន្ធហ្សូម (Zoom) ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ប្រធានក្រុមផ្តល់ទិដ្ឋាការ និងមន្ត្រីជំនាញជាច្រើនរូប។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក បានមានមតិដឹកនាំដល់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ សហការផ្តល់ព័ត៌មានចាំបាច់ដល់នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា​។

ក្នុងនោះដែរ​ ឯកឧត្ដម​ អគ្គនាយក​ បានឲ្យក្រុមការងារ​ ធ្វើបច្ចុប្បន្នភាពមុខសញ្ញាឲ្យបានទៀងទាត់ និងរក្សាការសម្ងាត់នូវការងារជំនាញ ជាពិសេសការរក្សាទុកនូវទិន្នន័យទាំងអស់ជាឯកសារ​ និងរក្សាទុកក្នុងប្រព័ន្ធអេឡិត្រូនិច​។

ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ អគ្គនាយក​ ក៏បានណែនាំដល់មន្ត្រីជំនាញ​ និងមន្ត្រីតាមច្រកទ្វារ​ ដែលអាចចូលពិនិត្យក្នុងប្រព័ន្ធបាន​ សូមរក្សានូវការងារសម្ងាត់​ ត្រូវជៀសវៀងការចូលឆែកប្រព័ន្ធក្នុងន័យមិនល្អ​ ហើយប្រធានអង្គភាពត្រូវមានចំណាត់ការដល់មន្ត្រីណាប្រព្រឹត្តល្មើសនឹងបទវិន័យ​។

ឆ្លៀតក្នុងឱកាសនេះដែរ​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ អគ្គនាយក​ បានជូនពរដល់ថ្នាក់ដឹកនាំ​ ក្រុមការងារទាំងអស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ សុខភាពល្អ​ ជៀសផុតពីជំងឺរាតត្បាតទាំងអស់​៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ