កិច្ចប្រជុំត្រួតពិនិត្យឯកសារពាក់ព័ន្ធនានា ត្រៀមសម្រាប់កិច្ចប្រជុំ DGICM
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឯកសារពាក់ព័ន្ធនានា ត្រៀមសម្រាប់កិច្ចប្រជុំ DGICM ដែលនឹងប្រព្រឹត្តទៅនៅចុងខែសីហា ឆ្នាំ២០២១នេះ ដែលមានប្រទេសហ្វីលីពីនជាប្រធានអង្គប្រជុំ តាមប្រព័ន្ធវីដេអូសនិ្នសិទ Zoom ។
កិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានណែនាំឲ្យក្រុមការងារ ត្រៀមរៀបចំរបាយការណ៍ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ទៅតាមស្ថានភាពសភាពការណ៍រួម របស់ប្រទេសកម្ពុជា។ ឯកឧត្តម អគ្គនាយក បានឲ្យលើកឡើងពី ស្ថានភាពជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅពេលដែលពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីកិច្ចការសំខាន់ៗ ដែលកម្ពុជាបានប្រកាន់យក និងអនុវត្តចំពោះជនបរទេស លើការគ្រប់គ្រងការចេញ ចូល ការស្នាក់នៅ លើពលករបរទេស និងកិច្ចសហការនានាជាមួយប្រទេសអាស៊ាន និងអន្តរជាតិ។
ឯកឧត្តម អគ្គនាយក ក៏បានបញ្ជាក់ដល់ក្រុមការងារដែលនឹងចូលរួមក្នុងកិច្ចប្រជុំ DGICM និងកិច្ចប្រជុំផ្សេងៗទៀត ត្រូវរៀបចំឯកសារ និងមតិយោបល់ប្រកបដោយការទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនេះទទួលបានផ្លែផ្កាល្អ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានបញ្ជាក់បន្ថែមដែរថា ក្រុមការងារក៏ត្រូវគិតគូរដោយល្អិតល្អន់ អំពីទិសដៅការងារបន្ត ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នឹងត្រៀមអនុវត្ត និងអនុវត្តបន្ត ជាពិសេសគោលការណ៍បើកដំណើរការទេសចរណ៍ឡើងវិញ ក្រោយជំងឺកូវីដ-១៩ ការគ្រប់គ្រងជនបរទេសឲ្យបានកាន់តែល្អប្រសើរ និងការបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិ ឲ្យកាន់តែប្រសើរឡើងថែមទៀត៕