ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលដំណើរការ នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការស្នាក់នៅ របស់ជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា (FPCS) តាមរយៈប្រព័ន្ធវីដេអូ Zoom ។

បន្ទាប់ពីស្តាប់ក្រុមការងាររាយការណ៍ពីវឌ្ឍនភាព នៃការប្រើប្រាស់ប្រព័ន្ធ FPCS និងបញ្ហាប្រឈមនាពេលកន្លងមក ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានមានប្រសាសន៍ បូកសរុប និងដាក់ចេញនូវទិសដៅការងារបន្តមួយចំនួនដូចខាងក្រោម:

  - ក្រុមការងារ FPCS នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវរៀបចំផែនការការងារមួយច្បាស់លាស់ ដើម្បីឲ្យមន្ត្រីមូលដ្ឋានយល់ច្បាស់ដូចៗគ្នា ពីតួនាទីភារកិច្ចរបស់ខ្លួន ពេលចុះទៅធ្វើការតាមទីតាំងនានា ដូចជា ចុះពេលណា ទីតាំងណា ត្រូវជួបទំនាក់ទំនងជាមួយអាជ្ញាធរថ្នាក់ណាខ្លះ ហើយពេលចុះរួចត្រូវរាយការណ៍ទៅណា ។ល។  ដែលត្រូវចុះពិនិត្យ ឲ្យបានត្រឹមត្រូវ និងត្រូវធ្វើការរាយការណ៍ជូនមកថ្នាក់ដឹកនាំ។

  - ចំពោះករណីមន្ត្រីចុះទៅសាកសួរព័ត៌មាន និងទាមទារឯកសារលើសពីតម្រូវការចាំបាច់ និងការដាក់កម្លាំងចុះច្រើនពេក នឹងត្រូវលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំខែខាងមុខនេះ ដែលនឹងមានស្នងការរងទទួលផែនអន្តោប្រវេសន៍តាមខេត្តមកចូលរួម។

  -ត្រូវបន្តត្រួតពិនិត្យនិងរកវិធីដោះស្រាយ ដើម្បីការចុះឈ្មោះចូលក្នុងប្រព័ន្ធមានភាពកាន់តែសុក្រឹតថែមទៀត ពិសេសចំពោះទីតាំងដែលមានម្ចាស់ច្រើន ដើម្បីឲ្យប្រាកដថា ជនបរទេសដែលបានចុះឈ្មោះក្នុងប្រព័ន្ធពិតជានៅក្នុងទីតាំងនោះមែន។

  -ត្រូវធ្វើរបាយការណ៍អំពីលទ្ធផលការងារកន្លងមក ដោយអមជាមួយសេចក្តីណែនាំមួយទៅក្រសួងមហាផ្ទៃជ្រាប។

  -រៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីដែលត្រូវទទួលការងារនេះ ដើម្បីឲ្យពួកគាត់កាន់តែយល់ច្បាស់ ពីការប្រើប្រាស់ប្រព័ន្ធ FPCS ងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ តាមរយៈប្រព័ន្ធវីដេអូ Zoom ដើម្បីកុំឲ្យមានរាំងស្ទះដល់ការងារ។

ចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានធ្វើការកត់សម្គាល់ថា កិច្ចប្រជុំក្នុងថ្ងៃនេះអាចរកបានធាតុចូលមួយចំនួន និងរកឃើញនូវបញ្ហាបន្ថែមទៀតដែលត្រូវរិះរកនូវវិធានការរដោះស្រាយ ហើយក្នុងនោះឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្រុមការងារបន្តជម្រុញអនុវត្តបន្តតទៅទៀត ឲ្យកាន់តែប្រសើរឡើង៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ