ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែទុតិយាសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ស្តីពីបញ្ហាប្រឈមនៃការបំពេញបែបបទរបស់ប៉ុស្តិ៍នីមួយៗ និងផលពិបាក ព្រមទាំងសំណូមពរ នៃការបែងចែកប្រភេទនាវា ដើម្បីបំពេញបែបបទចេញ-ចូលប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២។

កិច្ចប្រជុំនាពេលនេះ ក៏មានការចូលរួមពីសំណាក់ លោកអនុប្រធាននាយកដ្ឋាន, លោកនាយការិយាល័យជំនាញទាំង២, លោកនាយ-នាយរងប៉ុស្តិ៍ (ប៉ុស្តិ៍កំពង់ផែភ្នំពេញ, ប៉ុស្តិ៍ក្អមសំណ និងប៉ុស្តិ៍កោះរកា) និងមន្រ្តីពាក់ព័ន្ធមួយចំនួន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ  បានអនុញ្ញាតឲ្យអង្គប្រជុំទាំងមូល មានមតិលើកឡើង និងមានយោបល់ពាក់ព័ន្ធនឹងបញ្ហាប្រឈម ការលំបាក និងសំណូមពរអំពីនីតិវិធី នៃការបំពេញបែបបទចូល-ចេញប្រទេស និងការបែងចែកប្រភេទនាវា ក៏ដូចជាការងារជំនាញផ្សេងៗ ដែលបានអនុវត្តនាពេលកន្លងមក ជូនអង្គប្រជុំជ្រាប។

ជាមួយគ្នានោះដែរ ក៏មានការចូលរួមយោបល់ជុំវិញការងារជំនាញខាងលើ និងបានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនពីសំណាក់ លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យជំនាញទាំង២ និងប៉ុស្តិ៍ពាក់ព័ន្ធទាំង៣ផងដែរ។

ជាទីបញ្ចប់នៃអង្គប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន មានមតិដោះស្រាយពាក់ព័ន្ធនឹងការងារខាងលើ ព្រមទាំងធ្វើការណែនាំ និងប្រគល់ការងារមួយចំនួន ជូនលោកនាយការិយាល័យច្រកទ្វារផ្លូវទឹក និងកំពង់ផែអន្តរជាតិ ក៏ដូចជាលោកនាយការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវដឹកនាំ សហការ សម្របសម្រួលការងារជាមួយលោកនាយប៉ុស្តិ៍ទាំងបី ក្នុងការសរសេរអំពីនីតិវិធី នៃការបំពេញបែបបទរបស់នាវា និងការបែងចែក និងគ្រប់គ្រងប្រភេទនាវា ពេលឆ្លងកាត់ច្រកទ្វារ ឲ្យបានច្បាស់លាស់ ដើម្បីគោរពស្នើសុំគោលការណ៍ថា្នក់ដឹកនាំ ពិនិត្យ និងសម្រេច៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ