ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញ នូវប្រព័ន្ធព័ត៌មានវិទ្យាទាំងអស់ ទាំងប្រព័ន្ធដែលកំពុងដំណើរការ និងប្រព័ន្ធរៀបចំតំឡើងថ្មី របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក, ឧត្តមសេនីយ៍ឯក អគ្គនាយករង, ប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើង និងរាយការណ៍ជូនឯកឧត្តម សន្តិបណ្ឌិត ពីការអភិវឌ្ឍន៍លើប្រព័ន្ធព័ត៌មានវិទ្យា របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការសម្រួលការងារតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបនិងស្របតាមរបៀបរបបការងារថ្មីក្នុងកិច្ចការពារជំងឺកូវីដ-១៩។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងអំពីសមិទ្ធិផលជាច្រើន ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍សម្រេចបាន ផ្នែកប្រព័ន្ធព័ត៌មានវិទ្យាដែលកំពុងដំណើរការប្រើប្រាស់ និងប្រព័ន្ធដែលកំពុងកសាង ដែលដំណើរការប្រើប្រាស់នៅពេលខាងមុខនេះ ប្រព័ន្ធប្រើប្រាស់សម្រាប់ជនបរទេសស្នាក់នៅប្រទេសកម្ពុជា, ប្រព័ន្ធប្រើប្រាស់សម្រាប់មុនពេលអ្នកដំណើរមកប្រទេសកម្ពុជា, ប្រព័ន្ធសម្រាប់អ្នកដំណើរមកដល់តាមច្រកទ្វារព្រំដែនអន្តរជាតិ, ប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត, ប្រព័ន្ធវិភាគព័ត៌មានអន្តោប្រវេសន៍ ប្រព័ន្ធគ្រប់គ្រងព្រំដែន និង ការបង្កើតប្រព័ន្ធព័ត៌មានវិទ្យាថ្មីៗមួយចំនួនទៀតដែលបម្រើឲ្យកិច្ចការអន្តោប្រវេសន៍ ដែលសុទ្ធតែស្នាដៃបង្កើតឡើងដោយមន្ត្រីផ្នែកព័ត៌មានវិទ្យា របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផ្ទាល់។

នៅក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរស្នាដៃ និងបានគាំទ្រដល់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក អន្តោប្រវេសន៍ ជាពិសេសក្រុមការងារបច្ចេកទេសទាំងអស់ ក្នុងការរៀបចំនូវប្រព័ន្ធព័ត៌មានវិទ្យាទាំងនេះ ក្នុងន័យសម្រួលលើការងារអន្តោប្រវេសន៍ ជាពិសេសការបង្កើត រក្សាទិន្នន័យ ដែលងាយស្រួលក្នុងការគ្រប់គ្រង និងស្វែងរកព័ត៌មានរបស់ជនបរទេស និងជនបរទេសអន្តោប្រវេសន្ត ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា។

ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថាផ្នែកព័ត៌មានវិទ្យានេះ គឺជាផ្នែកដ៏សំខាន់មិនអាចខ្វះបានក្នុងសម័យបច្ចុប្បន្ន សម្រាប់កិច្ចការអន្តោប្រវេសន៍របស់ប្រទេសជាតិនីមួយៗលើពិភពលោក ដើម្បីបម្រើដល់ផ្នែកសន្តិសុខ សេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀត។

ឯកឧត្តម សន្តិបណ្ឌិត ក៏បានលើកទឹកចិត្ត និងជំរុញដល់មន្ត្រីទាំងអស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាសម្រេចឲ្យបាន នូវគម្រោងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងជនបរទេស ដែលមានរួចមកហើយនេះ ឲ្យបានឆាប់សម្រាប់ជាស្នាដៃប្រវត្តិសាស្រ្តក៏ដូចជាបម្រើដល់កិច្ចការអន្តោប្រវេសន៍ របស់ប្រទេសជាតិកាន់តែល្អប្រសើរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ