ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើរការ នៃការវិឌ្ឍន៍របស់ប្រព័ន្ធចុះបញ្ជីវត្តមានជនបរទេសស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ឯក អគ្គនាយករង, ប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញដែលពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នេះបានដំណើរការទៅមុខមួយជំហានដ៏ល្អហើយ   ដោយមានអត្រាការចុះឈ្មោះក្នុងប្រព័ន្ធកើនឡើងល្អប្រសើរគួរឲ្យកត់សម្គាល់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តាំងពីការចាប់ផ្តើមរហូតមកទល់ពេលនេះ ក៏យើងអាចនិយាយបានថា វានៅមិនទាន់បំពេញសមស្របទៅនឹងសំណូមពរ ដែលបានគ្រោងទុក និងគ្រប់គោលការណ៍លក្ខខណ្ឌមួយចំនួននៅឡើយទេ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍លើកឡើងបន្តថា ដូច្នេះយើងត្រូវប្រមូលបញ្ហាខ្វះខាតហើយរិះរកវិធីបំពេញបន្ថែម ដើម្បីឲ្យការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា(FPCS) ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ទទួលបានជោគជ័យ ដូចជាទិន្នន័យជនបរទេស អាស័យដ្ឋានមិនពិតប្រាកដការចុះឈ្មោះ លេខទូរស័ព្ទទំនាក់ទំនង និងបញ្ហាមួយចំនួនទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គនាយក ក៏បានផ្តល់អនុសាសន៍ឲ្យក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបង្កើនសមត្ថភាពដល់មន្ត្រីនគរបាលមូលដ្ឋាន យល់ដឹងច្បាស់លាស់ពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) ដើម្បីប្រសិទ្ធភាពក្នុងការគ្រប់គ្រងជនបរទេស ដូចជាងាយស្រួលក្នុងស្វែងរក ជាពិសេសនៅពេលជនបរទេស ដែលមានពាក់ព័ន្ធនឹងបទល្មើសណាមួយ ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានកោតសរសើរដល់មន្រីពាក់ព័ន្ធដែលបានខិតខំបញ្ចេញជំនាញបច្ចេកវិទ្យារបស់ខ្លួន ក្នុងការបង្កើតប្រព័ន្ធ (FPCS) និងបានជុំរុញឲ្យមន្រ្តីជំនាញទាំងអស់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងបេសកកម្មបម្រើជាតិប្រកបដោយវិជ្ជាជីវៈ ក្នុងការគ្រប់គ្រង ជនបរទេសដែលកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធិភាព៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ