ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១  ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណ:ប្រតិភូ តំណាងក្រសួងសន្តិសុខសាធារណ:ចិន ដែលដឹកនាំដោយ លោក Wu JianMin អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ  និងជាប្រធានតំណាងភាគីចិន នៃការិយាល័យសម្រសម្រួលអនុវត្តច្បាប់ចិននិងកម្ពុជា។

នៅក្នុងឱកាសនោះ លោក Wu JianMin តំណាងក្រសួងសន្តិសុខសាធារណ:ចិន បានថ្លែងអំណរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលបានខិតខំអនុវត្ត និងសម្របសម្រួលកិច្ចសហប្រតិបត្តិការ លើការងារបង្ការ និងទប់ស្កាត់បទល្មើសដែលបានបង្កឡើងដោយជនជាតិចិន និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិននៅកម្ពុជា នាពេលកន្លងមក។

ជាការឆ្លើយតប  ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍  បានថ្លែងអំណរគុណភាគីចិន ដែលតែងតែយកចិត្តទុកដាក់ និងជួយដល់កម្ពុជា ទាំងសម្ភារ: បច្ចេកទេស និងបរិក្ខារពេទ្យ ក្នុងការបង្ការ និងទប់ស្កាត់ជម្ងឺ Covid-19 ដល់ស្ថាប័នជាតិគ្រប់ជាន់ថ្នាក់ នាពេលកន្លងនេះ ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍  អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ដោយផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អ នាពេលកន្លងមកនេះ ឯកឧត្តមក៏បានស្នើឲ្យភាគីចិនពិចារណាអំពីការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងនាយកដ្ឋានអន្តោប្រវេសន៍ចិន លើការងារបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដោយស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណ:ចិន។ ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ក៏បានលើកឡើងផងដែរ អំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងចំនួនដ៏ច្រើននៃជនល្មើស និងជនសង្ស័យជាជនជាតិចិន កំពុងត្រូវបានឃាត់ខ្លួននៅស្នាក់ការត្រៀមបណ្តេញចេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលកំពុងស្ថិតក្នុងស្ថានភាពចង្អៀតណែនហើយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ក៏បានស្នើភាគីចិនឲ្យពិចារណាអំពីការសម្របសម្រួលក្នុងការពន្លឿនការបញ្ជូនខ្លួនជនល្មើស និងជនសង្ស័យទាំងនោះត្រឡប់ទៅប្រទេសចិន។

ជាការឆ្លើយតបសំណើខាងលើនេះ លោក Wu JianMin តំណាងក្រសួងសន្តិសុខសាធារណ:ចិន បានទទួលយក និងធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណ:ចិន ដើម្បីជ្រាប និងពិចារណាអំពីដំណោះស្រាយ ដើម្បីកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អប្រសើរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ