ព័ត៌មានថ្មីបំផុត


ចិន៖ លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសចិន បានជំរុញមេដឹកនាំរបស់សហភាពមីយ៉ានម៉ា ឲ្យគោរពកិច្ចព្រមព្រៀងកុងសង់ស៊ី ឬការស្របមតិគ្នា ៥ចំណុច ដែលបានព្រមព្រៀងដោយថ្នាក់ដឹកនាំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN ។

ការជំរុញរបស់លោក វ៉ាង យី ត្រូវបានធ្វើក្នុងជំនួបនៅទីក្រុងឆុងឈីង ប្រទេសចិនជាមួយលោក Wunna Maung Lwin ដែលជារដ្ឋមន្រ្តីការបរទេសរបស់សហភាពមីយ៉ានម៉ា ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលរបបសឹក ដោយរដ្ឋមន្ត្រីការបរទេសចិន ក៏បានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ និងការបញ្ជូនប្រេសិតពិសេសពីអាស៊ាន ដើម្បីសម្របសម្រួលដំណើរការសន្ទនាផងដែរ។

ជំនួបនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក វ៉ាង យី បានជួបពិភាក្សាជាមួយសមភាគីរបស់លោកមកពីអាស៊ាន ដែលបានអំពាវនាវឲ្យមានការគាំទ្រពីប្រទេសចិន ដើម្បីអនុវត្តន៍ការព្រមព្រៀងគ្នានេះ។

ប្រទេសចិនគាំទ្រការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពដោយផ្អែកលើការព្រមព្រៀង ៥ចំណុច និងគោលការណ៍នៃការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង នៃប្រទេសនីមួយៗ ហើយក្រសួងការបរទេសចិន បានប្រកាសថា លោក វ៉ាង យី បានជំរុញឲ្យគ្រប់ភាគីទាំងអស់ នៅក្នុងសហភាពមីយ៉ាន់ម៉ាអនុវត្តន៍កិច្ចព្រមព្រៀងគ្នា លុបបំបាត់អំពើហិង្សាគ្រប់រូបភាព និងចាប់ផ្តើមដំណើរការ នៃការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ៕ ប្រភពពី​ ស៊ីនហួរ (Xinhua)

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ