ភ្នំពេញ៖ នៅថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អំពីការចាត់វិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត។

សម្ដេចក្រឡាហោម បានជម្រាបឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ថាជំងឺកូវីដ-១៩ បាននិងកំពុងឆ្លងចូលក្នុងមណ្ឌលអប់រំកែប្រែ និង ពន្ធនាគាររាជធានី ខេត្តមួយចំនួន តាមរយៈការរកឃើញករណីវិជ្ជមានជំងឺនេះលើមន្ត្រីអនុរក្សពន្ធនាគារ និង ជនជាប់ឃុំមួយចំនួន។

ដើម្បីឆ្លើយតបនឹងសភាពការណ៍នេះ ក្រសួងមហាផ្ទៃ សូមធ្វើណែនាំដល់ ឯកឧត្តម លោកជំទាវ ចូលរួមផ្ដល់ការគាំទ្រដល់មណ្ឌលអប់រំកែប្រែ ដែលមានទីតាំងស្ថិតក្នុងរាជធានី ខេត្តសាមី និងពន្ធនាគាររាជធានី ខេត្ត ក្នុងការអនុវត្តវិធានការសំខាន់ៗ ដូចខាងក្រោម៖

-ចំពោះមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដែលបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ អភិបាលរាជធានី ខេត្តពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ដឹកនាំសម្របសម្រួលជាមួយមន្ទីរសុខាភិបាល និងមន្ទីរ អង្គភាពពាក់ព័ន្ធ ផ្តល់ការគាំទ្រដល់អគ្គនាយកដ្ឋានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ព្រមទាំង ពន្ធនាគារទាំងនោះ ក្នុងការគ្រប់គ្រងចាត់ចែងព្យាបាលអ្នកវិជ្ជមានជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្ត វិធានការសុខាភិបាលនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងនោះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀតនូវជំងឺនេះមកលើមន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំ ព្រមទាំងបង្កើនការរក្សាសន្តិសុខ និង សុវត្ថិភាពនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងនោះឱ្យបានល្អ។

-ចំពោះមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្ត ដែលមិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ត្រូវពង្រឹង ការអនុវត្តវិធានការសុខាភិបាល ការធ្វើអនាម័យជាប្រចាំនៅតាមទីកន្លែងបំពេញការងារ និងតាមបន្ទប់ឃុំឃាំងនានា ការពាក់ម៉ាស ការលាងសំអាតដៃដោយសាប៊ូ ទឹកអាល់កុល ឬអាល់កុលដែល ការវាស់កំដៅលើមន្ត្រី អនុរក្សពន្ធនាគារ និងជនជាប់ឃុំ ព្រមទាំងត្រួតពិនិត្យសុខភាពអ្នកដែលបានអនុញ្ញាតឱ្យចេញ-ចូលក្នុងពន្ធនាគារ តាមគោលការណ៍កំណត់ សំដៅបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ទាំងនោះ។ ព្រមជាមួយនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងនោះឱ្យបានល្អ។

-ក្នុងករណីមានការឆ្លងជំងឺកូវីដ-១៩ នៅមណ្ឌលអប់រំកែប្រែ ឬពន្ធនាគារណាមួយ អភិបាល រាជធានី ខេត្ត ត្រូវសហការជួយធ្វើអន្តរាគមន៍ឆ្លើយតប និងត្រូវរាយការណ៍ជាបន្ទាន់មកក្រសួងមហាផ្ទៃ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ