ព័ត៌មានថ្មីបំផុត


តាកែវ៖ នាថ្ងៃសុក្រ ១១រោច ខែចេត្រ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង​ ១៥និង៣០នាទីលោកឧត្តមសេនីយ៍ទោ ថូ ភ័ត្រា អនុប្រធាននាយកដ្ឋានច្រកទ្វារទី២  ជាតំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញចុះមកដឹកនាំកម្លាំងប៉ុស្តិ៍ចុះត្រួតពិនិត្យ ពង្រឹងសកម្មភាពការងារគ្រប់គ្រងតាមគោលដៅប្រតិបត្តិការរបស់ប៉ុស្តិ៍។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ថូ  ភ័ត្រា បានដើរល្បាតក្ដាប់សភាពការណ៍ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដើម្បីរឹតបន្តឹង រាល់ការលួចឆ្លងដែនដោយខុសច្បាប់ សំដៅរកឲ្យឃើញ និងទប់ស្កាត់ទាន់ពេល នៃអ្នកដំណើរពលរដ្ឋខ្មែរ និងជនបរទេសដែល មានបំណងគេចវេសពីការធ្វើចត្តាឡីស័ក របស់វិធានការក្រសួងសុខាភិបាល ។ ក្រោយពីចុះត្រួតពិនិត្យគោលដៅរួច លោកឧត្ដមសេនីយ៍ទោ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំរបស់នាយកដ្ឋាន ក៏ដូចជាអគ្គនាយកដ្ឋាន ស្ដីពីការជម្រុញឲ្យមន្ត្រីប៉ុស្តិ៍ ចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ហើយចំពោះមន្ត្រីដែលមានបញ្ហាសុខភាពមិនអាចចាក់បាន ត្រូវមានលិខិតបញ្ជាក់ពីមណ្ឌលសុខភាព ដែលខ្លួនបានទៅចាក់ឲ្យបានច្បាស់លាស់ និងបានជំរុញឲ្យកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យការពារខ្លួន ឲ្យរួចផុតពីការឆ្លងជំងឺកូវីដ-១៩ តាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ក្រសួងសុខាភិបាល គឺ ៣ការពារ និង៣កុំ។

ខណៈនោះដែរ លោកឧត្ដមសេនីយ៍ទោ ក៏បានផ្សព្វផ្សាយសេចក្ដីណែនាំលេខ ២៧៣/២១ ន៦ ស្ដីពីការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រប៉ុស្តិ៍ច្រកទ្វារព្រំដែនឲ្យបានល្អ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ និងត្រូវបែងចែកវេនយាមប្រចាំការឲ្យបានច្បាស់លាស់ តាមការណែនាំរបស់ថ្នាក់លើ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ