ព័ត៌មានថ្មីបំផុត


ត្បូងឃ្មុំ៖ នាថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត​ ទោស័ក​ ព.ស​.២៥៦៤ ត្រូវនឹងថ្ងៃទី​០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣៥នាទី លោកឧត្ដមសេនីយ៍ទោ អ៊ុច សុធារ័ត្ន អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ ជាតំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯកប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញចុះមកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដើម្បីត្រួតពិនិត្យកម្លាំងតាមគោលដៅប្រតិបិត្តការរបស់ប៉ុស្តិ៍ និងបានណែនាំកម្លាំងឲ្យពង្រឹងសកម្មភាពការត្រួតពិនិត្យអ្នកដំណើរមធ្យោបាយ ចេញ-ចូលឆ្លងកាត់ព្រំដែន។

បន្ទាបមកលោកឧត្ដមសេនីយ៍ទោ អ៊ុច សុធារ័ត្ន បានដឹកនាំកម្លាំងចុះពង្រឹងការងារជំនាញ គ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងការពង្រឹងទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ និងការគេចវេសពីការធ្វើចត្តាឡីស័កទាំងពលរដ្ឋខ្មែរ និងជនបរទេស ព្រមទាំងបានផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល ស្តីអំពីការការពារ ទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩ និងបានណែនាំឲ្យកងកម្លាំងទាំងអស់បង្កើនការរក្សាអនាម័យ រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់បាននូវការឆ្លងនៃជម្ងឺកូវីដ-១៩។

បន្ថែមពីនេះទៀត លោកឧត្តមសេនីយ៍ទោ ក៏បានផ្សព្វផ្សាយណែនាំ និងជម្រុញឲ្យមន្រ្តីក្រោមឱវាទទាំងអស់ ដែលមិនទាន់បានទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ឲ្យទៅចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា តាមសេចក្តីណែនាំរបស់នាយកដ្ឋាន ក៏ដូចជាអគ្គនាយកដ្ឋាន។ ដោយឡែកចំពោះមន្ត្រីនគរបាល ដែលមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារមូលហេតុសុខភាព ក្នុងប្រការណាមួយ សូមស្នើឲ្យមន្ត្រីនោះធ្វើការបញ្ជាក់ឲ្យបានច្បាស់លាស់ ពីមណ្ឌលសុខភាព ឬមន្ទីរសុខាភិបាលរាជធានី-ខេត្តរបស់ខ្លួន។

ស្របពេលជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ុច សុធារ័ត្ន អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ និងលោកនាយប៉ុស្តិ៍ ក៏បានបន្តចុះពិនិត្យភូមិសាស្រ្តជាក់ស្តែង ស្លាបស្តាំ ស្លាបឆ្វេង ស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ុស្តិ៍ផងដែរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ