ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អគ្គនាយករង និង លោកប្រធាននាយកដ្ឋាន ជ្រាបថា៖ កន្លងមកតាមរបាយការណ៍បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ តាមការស្ម័គ្រចិត្ត បានចំនួន ប្រមាណ ៨២% នៃចំនួនក្របខ័ណ្ឌរួមបច្ចុប្បន្ន។

ក្នុងនាមថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូម សម្តែងនូវការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោកលោកស្រី ទាំងអស់ ដែលបានចាក់វ៉ាក់សាំង ទាំងលើកទី១ និងលើកទី២ ក៏ដូចជាអនុវត្តបានល្អប្រសើរ នូវវិធានការនានារបស់ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់ការរីរាលដាលជម្ងឺកូវីដ-១៩។

ទន្ទឹមនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យឃើញថា នៅមានមន្ត្រីមួយចំនួនទៀតមិនទាន់ បានចាក់វ៉ាក់សាំងនៅឡើយ។ហេតុនេះ ដើម្បីជម្រុញការចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីដ-១៩ បន្ថែមទៀត អគ្គនាយកដ្ឋានអន្តោប្រវេសន៍សូមជម្រាបជូនដល់ថ្នាក់ដឹកនាំ និងប្រធាននាយកដ្ឋានចំណុះអគ្គ នាយកដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការមួយចំនួនដូចខាងក្រោម៖

១-បន្តផ្សព្វផ្សាយដល់មន្ត្រីនគរបាលនៅក្រោមឱវាទនាយកដ្ឋាននីមួយៗ ដែលមិនទាន់បានទៅ ចាក់វ៉ាក់សាំងកូវីដ- ១៩ ឱ្យទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានណែនាំកន្លងមក។

២-គ្រប់នាយកដ្ឋានត្រូវស្រង់បញ្ជីឈ្មោះមន្ត្រីដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ និងមន្ត្រីដែលមិនទាន់បានចាក់វ៉ាក់សាំង រួចផ្ញើមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (នាយកដ្ឋានរដ្ឋបាលសរុប) អោយបានមុនថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ជាកំណត់។

៣-ក្នុងករណីមន្ត្រីនគរបាល ដែលមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារមូលហេតុសុខភាព ក្នុងប្រការណាមួយ សូមស្នើឱ្យមន្ត្រីនោះធ្វើការបញ្ជាក់ច្បាស់លាស់ ពីមន្ទីរពេទ្យក្រសួងមហាផ្ទៃ (មន្ទីរពេទ្យ១៦ឧសភា) ឬមន្ទីរសុខាភិបាលរាជធានី ខេត្ត។

៤-ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ តទៅ មន្ត្រីនគរបាលណាដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ មិនអនុញ្ញាតិឱ្យចូលមកកន្លែងបំពេញការងារឡើយ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ