ឧត្តមសេនីយ៍ទោ ថូ ភ័ត្រា អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ អញ្ជើញចុះត្រួតពិនិត្យ និងពង្រឹងការងារគ្រប់គ្រងតាមគោលដៅប្រតិបត្តិការ របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន
តាកែវ៖ នៅថ្ងៃសុក្រ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទីលោកឧត្តមសេនីយ៍ទោ ថូ ភ័ត្រា អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ ជាតំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញដឹកនាំកម្លាំងប៉ុស្តិ៍ ចុះត្រួតពិនិត្យ និងពង្រឹងការងារគ្រប់គ្រងតាមគោលដៅប្រតិបត្តិការ របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ថូ ភ័ត្រា អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ បានដើរល្បាតក្ដាប់សភាពការណ៍នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដើម្បីទប់ស្កាត់រាល់ការលួចឆ្លងដែនដោយខុសច្បាប់សំដៅរកឲ្យឃើញទាន់ពេល នៃអ្នកដំណើរពលរដ្ឋខ្មែរ និងជនបរទេស ដែលមានបំណងគេចវេសពីការធ្វើចត្តាឡីស័ក នៃវិធានការក្រសួងសុខាភិបាល ក្នុងខណៈនោះដែរលោកឧត្ដមសេនីយ៍ ក៏បានណែនាំដល់អាជីវករ ដែលបានផ្លាស់ ប្ដូរទំនិញនៅតំបន់ព្រំដែនត្រូវពាក់ម៉ាសការពារខ្លួនឲ្យបានល្អ កុំឲ្យឆ្លងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
បន្ទាប់ពីចុះត្រួតពិនិត្យគោលដៅរួច លោកឧត្ដមសេនីយ៍ទោ បានបើកកិច្ចប្រជុំណែនាំ ជំរុញឲ្យមន្ត្រីប៉ុស្តិ៍ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្តឲ្យបានគ្រប់ៗគ្នា និងបានជំរុញឲ្យកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការអនាម័យ ការពារខ្លួនឲ្យរួចផុតពីការឆ្លងជំងឺកូវីដ-១៩ តាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ក្រសួងសុខាភិបាល គឺ ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នាផងដែរ៕