ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ការកែសម្រួលទម្រង់បែបបទ ពាក្យសុំបន្តទិដ្ឋាការស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម អគ្គនាយករងប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញដែលពាក់ព័ន្ធនៃនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំនេះ គឺដើម្បីចូលរួមចំណែកក្នុងការការពារសន្តិសុខជាតិ និងដើម្បីកែលំអទម្រង់បែបបទពាក្យសុំបន្តទិដ្ឋាការស្នាក់នៅ និងពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងទិន្នន័យជនបរទេស ដែលធានាការពារសន្តិសុខ និងសុវត្ថិភាពរបស់ជនបរទេស ដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានលើកឡើងពី ក្រុមហ៊ុន និងភ្នាក់ងារនានា ដែលបានដាក់ពាក្យសុំបន្តទិដ្ឋាការស្នាក់នៅដល់ជនបរទេស មានក្រុមហ៊ុន និងភ្នាក់ងារមួយចំនួនបានផ្តល់ព័ត៌មាន អត្តសញ្ញាណ ទីតាំង លេខទូរសព្ទទំនាក់ទំនង និងឯកសារពាក់ព័ន្ធរបស់ជនបរទេសដែលគ្មានភាពច្បាស់លាស់ ជាហេតុបណ្តាលឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជួបប្រទះនឹងបញ្ហាប្រឈមក្នុងការគ្រប់គ្រងនូវទិន្នន័យជនបរទេសមួយចំនួន ដែលកំពុងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ណែនាំបន្ថែម ដោយមាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យាជាសេនាធិការ បានធ្វើសេចក្តីព្រាងគម្រូ “ពាក្យសុំបន្តទិដ្ឋាការស្នាក់នៅ” ដែលអគ្គនាយកដ្ឋាននឹងធ្វើការផ្សព្វផ្សាយទៅដល់ក្រុមហ៊ុន ភ្នាក់ងារនានា និងបណ្តាជនបរទេសឲ្យជ្រាប។

ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍បន្តថា នឹងតម្រូវឲ្យបុគ្គលដែលមានបំណងដាក់ពាក្យសុំបន្តទិដ្ឋាការស្នាក់នៅភ្ជាប់មកជាមួយនូវ “ពាក្យសុំបន្តទិដ្ឋាការស្នាក់នៅ” ដោយបំពេញនូវព័ត៌មាន និងអត្តសញ្ញាណនៃជនបរទេសឲ្យបានច្បាស់លាស់ ជាការសហការជាមួយនឹងសមត្ថកិច្ច ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងវត្តមានជនបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានកាន់តែល្អប្រសើរ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ