ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ, ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន គារ, ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភ័ក្រ្តាអគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ឆ្លងសេចក្តីព្រាងរបាយការណ៍ខែមករា របស់នាយកដ្ឋានច្រកទ្វារទី២ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីសំណាក់ លោក-លោកស្រី អនុប្រធាននាយកដ្ឋាន, លោកនាយ-នាយរងការិយាល័យ, នាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែក និងមានការធ្វើបទបង្ហាញ របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ។     

ជាកិច្ចបន្តឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន មានមតិដឹកនាំការងារជំនាញ និងផ្តោតសំខាន់ទៅលើការពង្រឹងវិន័យ របស់កងកម្លាំងនគរបាលជាតិ ដោយត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ កាត់សក់ឲ្យខ្លី សមជាមន្ត្រីនគរបាលជាតិ ព្រមទាំងបានណែនាំដល់គ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ចំណុះនាយកដ្ឋាន ត្រូវអនុវត្តឡើងវិញ នូវការគោរពទង់ជាតិរៀងរាល់ថ្ងៃចន្ទដើមសប្តាហ៍ ដើម្បីបន្តគ្រប់គ្រងកម្លាំងវត្តមានមន្ត្រីក្រោមឱវាទរបស់ខ្លួន ឲ្យបានម៉ត់ចត់ ជាពិសេសត្រូវបន្តពង្រឹងយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យនូវរាល់បញ្ជីមុខសញ្ញាខ្មៅឲ្យបានច្បាស់លាស់។

ជាទីបញ្ចប់ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងអន្តោប្រវេសន៍ មានមតិណែនាំបន្ថែម ដោយផ្តោតសំខាន់ទៅលើការពង្រឹងវិន័យ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អប្រសើរ។ បន្ថែមពីនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គនាយករង ក៏បានក្រើនរំលឹកដល់គ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ចំណុះនាយកដ្ឋាន ត្រូវធ្វើយ៉ាងណាថែទាំ និងសម្អាតម៉ាស៊ីន (CBMS) ឲ្យបានជាប់ជាប្រចាំ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ