ព័ត៌មានថ្មីបំផុត


បាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្នឹង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ អង្គភាពឃុំ និងក្រុមយុវជនឃុំ នៅឃុំស្នឹង ស្រុកបាណន់ខេត្តបាត់ដំបង។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងារ, លោកអភិបាលរងខេត្ត, សមាជិកក្រុមប្រឹក្សាឃុំ, មេឃុំ, មេភូមិ, ក្រុមការងារយុវជនជាច្រើនអ្នកផងដែរ។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានឲ្យមេឃុំ មេភូមិ និងក្រុមយុវជន លើកឡើងពីបញ្ហាប្រឈមដែលបានជួបប្រទះ ដើម្បីលើកមកចែករំលែក ចូលរួមរកដំណោះស្រាយ ក៏ដូចជាសំណូមពរ ផងដែរ។ បន្ទាប់ពីបានស្ដាប់របាយការណ៍ និងការលើកឡើងពីបញ្ហាប្រឈម ព្រមទាំងសំណូមពរតាមភូមិនីមួយៗរួចមក ឯកឧត្តម ប្រធានក្រុមការងារ បានមានប្រសាសន៍រាល់បញ្ហាអ្វី ដែលក្រុមការងារអាចជួយដោះស្រាយបាន ក្រុមការងារនឹងជួយដោះស្រាយជូន និងទទួលយកគ្រប់សំណូមពរ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ។

ក្នុងនោះដែរ ឯកឧត្តមក៏បានឲ្យមេភូមិ មេឃុំ បន្តការផ្សព្វផ្សាយ ណែនាំស្ដីពីការទប់ស្កាត់ការរាតដាតជំងឺកូវីដ-១៩ ព្រមទាំងឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមទប់ស្កាត់ រក្សាអនាម័យ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ជាពិសេសក្រុមការងារយុវជនចូលរួមបង្ការទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន និងត្រូវជៀសឆ្ងាយពីគ្រឿងញៀន។

ក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានឧបត្ថម្ភដល់អ្នកដែលបានចូលរួមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន ភួយមួយ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ