ព័ត៌មានថ្មីបំផុត


បាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្នឹង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយកម្លាំងប្រជាការពារ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្នឹង ស្ដីពីភូមិ-ឃុំ មានសុវត្ថិភាព នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

អញ្ជើញចូលរួមក្នុងពិធីនេះដែរ ក៏មាន ឯកឧត្តម អនុប្រធានក្រុមការងារ, លោកអភិបាលរងខេត្ត, លោកអធិការនគរបាលស្រុក, មេឃុំ, កម្លាំងប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារឃុំ ផងដែរ។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ កម្លាំងប្រជាការពារ លើកឡើងពីបញ្ហាប្រឈម ដែលបានជួបប្រទះ ក៏ដូចជាសំណូមពរ ផងដែរ។ បន្ទាប់ពីបានស្ដាប់របាយការណ៍ និងសំណូមពររួចមក ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារ ដែលបានចូលរួមក្នុងការរក្សាការពារ សុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននាពេលកន្លងមក។

ជាមួយគ្នានេះដែរ ដោយមានការលើកឡើង របស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មានការកើនឡើងបទល្មើស ឯកឧត្តមអគ្គនាយក ក៏បានណែនាំដល់កងកម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងប្រជាការពារ ព្យាយាមស្វែងរកជនល្មើស ជាពិសេសរួមសហការក្នុងកិច្ចការពារ បង្ការ ទប់ស្កាត់ ទាំងបទល្មើស និងគ្រឿងញៀន ដើម្បីធានាឲ្យ ភូមិ-ឃុំ មានសុវត្ថិភាព។ ក្នុងនោះដែរឯកឧត្តម ក៏បានឲ្យកម្លាំងនគរបាល ប្រជាការពារ មេភូមិ មេឃុំ បន្តការផ្សព្វផ្សាយ ណែនាំ ស្ដីពីការទប់ស្កាត់ការរាតដាតជំងឺកូវីដ-១៩ ព្រមទាំងឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមទប់ស្កាត់ រក្សាអនាម័យ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩មួយនេះ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានចែកជូន ឯកសណ្ឋានដល់ប្រជាការពារ ដោយក្នុងម្នាក់ៗ ទទួលបានឯកសណ្ឋានមួយកំប្លេរ មួកមួយ និងថវិកា ចំណែកកម្លាំងនគរបាលប៉ុស្តិ៍ ក្នុងម្នាក់ៗទទួលបាន ភួយមួយ និងថវិកា មួយចំនួនផងដែរ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ