ព័ត៌មានថ្មីបំផុត


បាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ៦កើត​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្នឹង បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យប្រឡាយនាំទឹកសំណង់សិល្បការ​ អាងកំពីងពួយ រួចបន្តចុះពិនិត្យអគារសិក្សាទើបសាងសង់ថ្មីនៅអនុវិទ្យាល័យបុស្សសម្ព័រ ស្ថិតនៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ឯកឧត្ដម​ ប្រធានក្រុមការងារ​ បានលើកឡើងដែរថា​ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំស្នឹង​ ស្រុកបាណន់ បានប្រែក្លាយតំបន់វាលស្រែ ដែលធ្លាប់តែស្ងួតហួតហែង និងស្រូវស្កក​ នាខែវស្សា ទៅជាតំបន់វាលស្រែដែលធានាបាន នូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់មិនឲ្យមានស្កក មិនតែប៉ុណ្ណោះបានផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋក្នុងឃុំ​ និងឃុំភ្នំសំពៅ​ដែលនៅជាប់​ អាចធ្វើស្រែប្រាំងបង្កើនរដូវថែមទៀត បានចំនួនប្រមាណ មួយពាន់ហិកតា​។ នេះជាមោទនភាពរបស់ក្រុមការងារ ដែលបានជួយឲ្យប្រជាពលរដ្ឋបង្កើនចំណូលកែប្រែជីវភាព។

បន្ទាប់ពីចុះត្រួតពិនិត្យប្រឡាយរួច ឯកឧត្តម នាយឧត្តមសេនីយ៍ និងក្រុមការងារ ចុះពិនិត្យអគារសិក្សា ១ខ្នង ដែលទើបសាងសង់ថ្មីនៅក្នុងអនុវិទ្យាល័យបុស្សសម្ព័រ និងបានសំណេះសំណាល សួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបានផ្ដល់ថវិកាមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ផងដែរ និងបន្តពិនិត្យទីតាំងតំបន់ស្ទាក់ទឹកដែលរងការខូចខាត៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ