កំពង់ឆ្នាំង៖ នាថ្ងៃទី២៤ ខែវិច្ជិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងអន្តោប្រវេសន៍ និងសហការីបានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីនីតិវិធីដាក់ពាក្យស្នើសុំលិខិតអត្រានុកូលដ្ឋាន និងនីតិវិធីពាក់ព័ន្ធនានា របស់សហព័ទ្ធម្ខាងជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា (OHCHR) នៅសាលាខេត្តកំពង់ឆ្នាំង។

សិក្ខាសាលានេះ មានរយ:ពេលមួយថ្ងៃ ដោយមានការចូលរួមពី អគ្គនាយករង អន្តោប្រវេសន៍ និងតំណាងអត្តសញ្ញាណកម្ម, អភិបាលរងខេត្ត (ទទួលការងារអន្តោប្រវេសន៍ និងអត្តសញ្ញាណកម្ម), លោកស្នងការរងខេត្ត (ទទួលការងារអន្តោប្រវេសន៍ និងអត្តសញ្ញាណកម្ម), អភិបាល-អភិបាលរង ស្រុក/ក្រុង, អធិការ-អធិការរង ស្រុក/ក្រុង, នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់, លោកមេឃុំ/ចៅសង្កាត់ពាក់ព័ន្ធ និងតំណាងសហគមន៍វៀតណាម នៅស្រុក/ក្រុង និងឃុំសង្កាត់ពាក់ព័ន្ធ សរុបចំនួន ៤២នាក់។

នៅក្នុងសិក្ខាសាលានេះ ផ្តោតសំខាន់លើប្រធានបទ និងបញ្ហាប្រឈមមួយចំនួន មាន ដំណើរការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាលកម្ពុជា, ដំណើរការដកហូតឯកសាររដ្ឋបាលកម្ពជាមិនប្រក្រតី និងការដាក់ពាក្យសុំជាជនបរទេសអន្តោប្រវេសន្ត, អត្ថប្រយោជន៍ នៃការចូលរួមអនុវត្តច្បាប់ និងឯកសារគតិយុត្តិនានា របស់ជនបរទេសអន្តោប្រវេសន្ត, សិទ្ធិទទួលបានការអប់រំ, សិទ្ធិទទួលបានសញ្ជាតិ, សិទ្ធិធ្វើការ និងកាន់កាប់ទ្រព្យសម្បត្តិ នីតិវិធីស្តីពីការដាក់ពាក្យសុំឯកសារអត្តសញ្ញាណប័ណ្ណស្របច្បាប់ និងដំណើរការសញ្ជាតិ រួមទាំងដំណើរការ នៃការអនុវត្តសេចក្តីណែនាំលេខ ០១៥សណន ចុះថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៩ ផងដែរ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ