ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

 

ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារនាពេលនេះ យោងលើស្មារតីក្នុងការអនុវត្តតាមខ្លឹមសារដែលមានចែងក្នុង “ផែនការស្តីពី កិច្ចសហប្រតិបត្តិការឆ្នាំ២០២៤” រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបស្វាគមន៍ និងរៀបចំកិច្ចប្រជុំពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ទ្វេភាគី ជាមួយគណៈប្រតិភូនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោកវរសេនីយ៍ឯក ផេតដាវង្ស កែវកាន់យ៉ា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍។

 

កិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍នេះ ផ្តោតសំខាន់លើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការងារអន្តោប្រវេសន៍ រវាងអង្គភាព និងប្រទេសទាំងពីរ ដើម្បីរួមគ្នាសម្រេចគោលដៅរួម គឺការរក្សាបាននូវសន្តិសុខ និងសុវត្ថិភាពនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ នៃប្រទេសទាំងពីរ ដោយផ្អែកលើក្របខ័ណ្ឌច្បាប់ និងកិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។

លោកវរសេនីយ៍ឯក ផេតដាវង្ស កែវកាន់យ៉ា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរៀបចំនូវកិច្ចប្រជុំទ្វេភាគីនាពេលនេះ ដែលនឹងអនុញ្ញាតឱ្យអង្គភាពទាំងពីរ បន្តជំរុញលើកកំពស់កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកលើការងារអន្តោប្រវេសន៍ ឱ្យកាន់តែមានប្រសិទ្ធភាព។

 

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានឯកភាពចំពោះសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាការរៀបចំពិនិត្យ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពី កិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៤ របស់អង្គភាពយើងទាំងពីរ ដែលសម្រេចបានជាលទ្ធផលយ៉ាងវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីសំដៅបន្តពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ជាពិសេសការបន្តយកចិត្តទុកដាក់សម្របសម្រួលជូនប្រជាជនទាំងពីរប្រទេសដែលបានធ្វើដំណើរ និងកំពុងស្នាក់អាស្រ័យប្រកបរបរ ក្នុងប្រទេសទាំងពីរ។ 

 

បន្ថែមពីលើនេះផងដែរ លោកវរសេនីយ៍ឯក ផេតដាវង្ស កែវកាន់យ៉ា បានធ្វើការថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានអនោ្តប្រវេសន៍កម្ពុជា ដែលបានទទួលបដិសណា្ឋរកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡាវ និងបានអរគុណចំពោះការចែករំលែកបទពិសោធន៍ការងារទៅវិញទៅមក។

ជាកិច្ចបញ្ចប់គណៈប្រតិភូទាំងពីរ បានឯកភាពនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនេះឱ្យកាន់តែប្រសើរឡើង៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ