ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់នាយកដ្ឋានច្រកទ្វារទី២

 

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំធំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ, ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា, លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២។

ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ លោកនាយប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិ នាយរងប៉ុស្តិ៍ និងនាយផ្នែកមួយចំនួន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង បានមានមតិស្វាគមន៍ និងបើកកិច្ចប្រជុំព្រមទាំងបានលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ។

កិច្ចបន្ទាប់ ឯកឧត្តម ប្រធានអង្គប្រជុំ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ ឡើងរាយការណ៍ពីវត្តមានអនុប្រធាននាយកដ្ឋាន និងលោកនាយប៉ុស្តិ៍ រួចបានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ ឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារបន្ត។ បន្ទាប់មកក៏បានអនុញ្ញាតឱ្យលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ឡើងធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាពរបស់ប៉ុស្តិ៍ ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរជូនថ្នាក់ដឹកនាំដើម្បីរកដំណោះស្រាយ។ 

ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានមានមតិណែនាំ២ចំណុចធំៗ ពាក់ព័ន្ធការគ្រប់គ្រងកម្លាំងត្រូវរឹតបណ្តឹងវត្តមានមន្រ្តី និងវត្តមានរបស់លោកនាយប៉ុស្តិ៍ព្រមទាំងបានណែនាំមន្ត្រីទាំងអស់ត្រូវរក្សាអនាម័យឲ្យបានល្អ និងនៅពេលបំពេញការងារ ក៏ដូចជាពេលចូលរួមប្រជុំនានាត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ព្រមទាំងណែនាំឱ្យយកចិត្តទុកដាក់ពង្រឹងក្នុងការត្រួតពិនិត្យនូវការចេញចូលប្រទេសរបស់ជនបរទេសឱ្យបានហ្មត់ចត់ និងត្រួតពិនិត្យរាល់បញ្ជីមុខសញ្ញាផ្សេងៗ ក្នុងនោះដែរក៏បានណែនាំលោកនាយការិយាល័យ និងលោកនាយប៉ុស្តិ៍ត្រៀមធ្វើបុច្ចប្បន្នភាពមាស៊ីនស្គេនសម្ភារៈឡើងវិញ និងត្រូវលើកទឹកចិត្តមន្រ្តីដែលចូលនិវត្តន៍។

ជាកិច្ចបន្ទាប់ លោកជំទាវ ឧត្តមសេនីយ៍ទោ អគ្គនាយករង បានសំណូមពរឲ្យធ្វើការបែងចែកតួនាទីភារកិច្ចសារជាថ្មីជំនួសលោកអនុប្រធាននាយកដ្ឋានដែលចូលនិវត្តន៍ ព្រមទាំងណែនាំត្រូវសិក្សាពីផែនការសកម្មភាព នៃវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងស្នើលោកនាយការិយាល័យទាំង ៣ ត្រូវពិនិត្យឡើងវិញនូវលំហូរឯកសារឲ្យបានច្បាស់លាស់។

មុនកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ បានចូលរួមមតិបូកសរុប និងបានធ្វើការកោតសរសើរក្រុមការងាររបស់នាយកដ្ឋាន ព្រមទាំងធ្វើការណែនាំចំណុចសំខាន់ៗ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់លោកនាយប៉ុស្តិ៍ទាំងពីរផងដែរ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ