ព័ត៌មានថ្មីបំផុត


ឯកឧត្តមអភិសន្តិបណ្ឌិត គាំទ្រពេញទំហឹង ការសម្រេចចិត្តបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាល 

 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។

 

លោក រ៉េន រតនៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០១៤នេះថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល គឺគឺជាទឡ្ហីករណ៍បញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាយកចិត្តទុកដាក់ខ្ពស់រាល់មតិយោបល់ ទស្សនៈ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយចំពោះជោគវាសនាជាតិ និងប្រជាជន រួមទាំងបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងគាំទ្រគណបក្សប្រជាជន និងរាជរដ្ឋាភិបាលក្នុងកិច្ចដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន។

 

បើតាមអ្នកនាំពាក្យរូបនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអំពាវនាវបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋានបន្តគោលជំហរជាវិជ្ជមាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ដើម្បីបន្តកិច្ចសហប្រតិបត្តិការក្នុងនាមជាប្រទេសជិតខាងល្អ និងជាបងប្អូនល្អ ទាំងជាមួយប្រទេសឡាវ និងវៀតណាម ស្របតាមស្មារតីបន្តរក្សា និងអភិវឌ្ឍព្រំដែនឱ្យប្រកបដោយសន្តិភាព វឌ្ឍនភាព និងសន្តិសហវិជ្ជមានលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងសងខាង"។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត។

 

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវបងប្អូនជនរួមជាតិ បន្តពូនជ្រំស្មារតីសាមគ្គីជាធ្លុងមួយ ក្រោមព្រះរាជបារមីនៃព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីរួមគ្នាសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន ក្រោមម្លប់សុខសន្តិភាព ដូចអតីតកាលចុងក្រោយនៃជាតិ ដែលមានការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន និងបច្ចុប្បន្ន មានរាជរដ្ឋាភិបាលបន្តវេនប្រកបដោយភាពស្វាហាប់ ក្រោមមាគ៌ាដឹកនាំដ៏ប្រកបដោយភាពវាងវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ នេះជាការបញ្ជាក់បន្ថែម របស់ លោករ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ