កិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់
កិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់
នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្រ្តា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ នៅសាលប្រជុំធំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ លោកនាយប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិ លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគី លោកនាយប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែន លោកនាយប៉ុស្តិ៍ច្រកទ្វារកំពង់ផែសមុទ្រ នាយរងប៉ុស្តិ៍ និងនាយផ្នែកមួយចំនួន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង បានមានមតិស្វាគមន៍ និងបើកកិច្ចប្រជុំព្រមទាំងបានលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ។កិច្ចបន្ទាប់ ឯកឧត្តម បានអនុញ្ញាតអោយលោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ ឡើងរាយការណ៍ពីអវត្តមានអនុប្រធាននាយកដ្ឋាន និងលោកនាយប៉ុស្តិ៍ រួចបានអនុញ្ញាតអោយលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ ឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅខែបន្ទាប់ ។
បន្ទាប់មកក៏បានអនុញ្ញាតឱ្យលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីសំរោង និងលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែប៉ាក់ខ្លង ឡើងធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាពរបស់ប៉ុស្តិ៍ ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរជូនថ្នាក់ដឹកនាំដើម្បីរកដំណោះស្រាយ។
ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានមានមតិណែនាំ៤ចំណុចធំៗ ពាក់ព័ន្ធការគ្រប់គ្រងកម្លាំងត្រូវរឹតបណ្តឹងមន្រ្តីនៅតាមបណ្តាប៉ុស្តិ៍ ជាពិសេសការអនុញ្ញាតច្បាប់ឲ្យមន្ត្រីក្រោមឱវាទ នៅពេលបំពេញការងារត្រូវស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ព្រមទាំងណែនាំឱ្យយកចិត្តទុកដាក់ត្រួតពិនិត្យរាល់បញ្ជីមុខសញ្ញាផ្សេងៗ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ក្នុងនោះដែរក៏បានណែនាំការិយាល័យជំនាញ លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ក៏ដូចជាប៉ុស្តិ៍ច្រកទ្វារទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ ត្រូវសម្អាតទីធ្លារកន្លែងបំពេញការងារឲ្យបានស្អាតជាប្រចាំ។
មុនកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ បានចូលរួមមតិបូកសរុប និងបានធ្វើការកោតសរសើរក្រុមការងាររបស់នាយកដ្ឋាន ព្រមទាំងធ្វើការណែនាំ និងដោះស្រាយរាល់បញ្ហាប្រឈមនិងសំណូមពរ របស់លោកនាយប៉ុស្តិ៍ទាំងបីផងដែរ៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/