ឯកឧត្តម អគ្គនាយករង តំណាងឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ បាន​ទទួលជួបលោកស្រី សេនានុព័ន្ធនគរបាលបារាំង ប្រចាំប្រទេសកម្ពុជា-វៀតណាម-ឡាវ

 

នាព្រឹក ថ្ងៃព្រហស្បត៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពុំ វិត្យា អគ្គនាយករង តំណាងឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញទទួលជួបលោកស្រី Nathalie CARLIER សេនានុព័ន្ធនគរបាលបារាំង ប្រចាំប្រទេសកម្ពុជា-វៀតណាម-ឡាវ និងលោកស្រី Sophie Guegan អគ្គកុងស៊ុល នៃស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រសួងមហាផ្ទៃបារាំងលើការងារបណ្តុះបណ្តាលអន្តោប្រវេសន៍។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ពុំ វិត្យា បានសំដែងនូវកិច្ចស្វាគមន៍ និងភាពស្និតស្នាលរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងតំណាងមន្ត្រីទំនាក់ទំនងបារាំង ប្រចាំតំបន់ និងបានជម្រាបជូនអំពីប្រព័ន្ធសាលកបត្រអេឡិចត្រូនិចកម្ពុជាថ្មី (Cambodia e-Arrival) ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ព្រមទាំងបានលើកឡើងអំពីវគ្គបណ្តុះបណ្តាលអន្តោប្រវេសន៍ ដែលបានរៀបចំឡើងដោយដៃគូរអភិវឌ្ឍន៍នានា ជូនដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ នាពេលកន្លងមក។

 

ទន្ទឹមនោះដែរ ភាគីបារាំងនឹងផ្តល់វគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងឯកសារធ្វើដំណើរក្លែងក្លាយ នៅក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះ ព្រមទាំងផ្តល់លទ្ធភាពដល់មន្ត្រីចំនួន១០នាក់ សិក្សាភាសាបារាំងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាបារាំង ចាប់ពីខែកញ្ញា ខាងមុខតទៅ។ លើសពីនេះទៅទៀត ភាគីបារាំងនឹងខិតខំពង្រឹងកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ឱ្យកាន់តែល្អប្រសើរ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ